ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ ប្រទេសជាតិយើងរីកចម្រើនបានដោយសារប្រទេសយើងមានប្រជាជនខ្លាំង

1 ខែ មុន 1082 តូ សុផល

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព នៅក្នុងពិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្ម CEO Master Award2019 នៅសណ្ឋាគារសុខាភ្នំពេញថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ បានថ្លែងថា ប្រទេសជាតិយើងរីកចម្រើនបានដោយសារប្រទេសយើងមានប្រជាជនខ្លាំង មានប្រជាជនដែលមានចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ និងការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការលើកស្ទួយសេដ្ឋកិច្ច ក្នុងនោះវិស័យឯកជនមានសារៈសំខាន់សំខាន់ ជាមួយនិងវិស័យរដ្ឋ និងវិស័យផ្សេងៗទៀតក្នុងក្របខណ្ឌទីផ្សារសេរី ដែលរាជរដ្ឋាភិបាលមានតួនាទីជំរុញឲ្យវិស័យឯកជនខ្លាំង តាមរយៈការពង្រឹងផ្នែកច្បាប់ និងការដោះស្រាយវិវាទផ្សេងៗ លើកទឹកចិត្តនិងមានប្រព័ន្ធការងារដើម្បីឲ្យវិស័យឯកជនរីកចម្រើន។ 

លោកបន្តថា ប្រទេសយើងរីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេសខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។ វិស័យឯកជនខ្មែរខ្លាំងគឺជាកត្តាមួយដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត ព្រោះថាក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាទេ ព្រោះជាប្រទេសរបស់យើង ផ្ទុយពីការវិនិយោគរបស់បរទេសគេអាចលើកទៅប្រទេសផ្សេង ប៉ុន្តែកម្ពុជាទោះបីមានលទ្ធភាពពង្រីកទៅប្រទេសផ្សេងក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យ ខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង។

ជាការពិត ប្រទេសអភិវឌ្ឍនៅលើសកលលោកដែលមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចគឺប្រទេសទាំងនោះសម្បូរទៅដោយសហគ្រិនមានសមត្ថភាពពូកែអាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពីគ្រប់ទិសទីនៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេដែលធ្វើអោយសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។ ត្រង់ចំណុចនេះខ្ញុំ

កត់សម្គាល់ចំពោះតួនាទីរបស់សហគ្រិនក្នុងការចូលរួមចំណែកការកសាងស្ថាបនាសេដ្ឋកិច្ចជាតិឲ្យមានភាពរឹងមាំរីកចម្រើន នឹងខ្ញុំសូមឯកភាពទស្សនៈរបស់លោក អោមសេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យតាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គមការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដនៅក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជនគឺជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗលើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា។

ការវាស់ស្ទង់នៃការរីកចម្រើនរបស់ក្រុមហ៊ុននិមួយៗគឺមិនខុសពីប្រទេសជាតិនោះទេ គឺយើងមើលចំណុចពីរ ទី១គឺកំណើនដែលផ្ដោតលើតួលេខ និងលទ្ធផល។ ទី២គឺកម្រិតនៃការអភិវឌ្ឍដែលផ្តោតលើកត្តាពីរសំខាន់គឺ

កត្តាមនុស្ស(People) និងកត្តារបៀបរបបការងារ (Process) ដែលជាកត្តាសំខាន់ក្នុងការធានានិរន្តរភាពចីរភាព នៃការរីកចម្រើនរបស់ក្រុមហ៊ុន របស់វិស័យឯកជន និងរបស់ប្រទេសជាតិ។ ក្រុមហ៊ុនត្រូវការបុគ្គលិកដែលមានសុខភាព សមត្ថភាព ចំណេះដឹង និងការទទួលខុសត្រូវ និងប្រធានក្រុមហ៊ុនដែលមានសមត្ថភាព និងសីលវិធីក្នុងការដឹកនាំ ដែលធ្វើឲ្យក្រុមហ៊ុនជោគជ័យ និងរួមគ្នាដើម្បីឲ្យវិស័យឯកជនជោគជ័យ វិស័យឯកជនជោគជ័យធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើងជោគជ័យ។ នេះគឺជាមូលដ្ឋានសំខាន់ និងជាការចូលរួមចំណែករបស់ CEO Master Club និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងអស់។

លោក ហ៊ុន ម៉ាណែត សូមលើកទឹកចិត្តឲ្យសហគ្រិនកម្ពុជាទាំងអស់បន្តខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង ចាត់ចែង អាជីវកម្មឲ្យកាន់តែរីកចម្រើនរឹងមាំប្រសើរថែមទៀត ជាពិសេសត្រូវទាញយកប្រយោជន៍ជាតិអតិបរិមាពីសក្តានុពលដែលកម្ពុជាកំពុងមាន គឺកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅនេះ ហើយសេដ្ឋកិច្ចកម្ពុជារឹងមាំបែបនេះឆ្នាំខាងមុខទៀត ទោះបីមានហានិភ័យតិចតួចនៃការថយចុះកំណើនសេដ្ឋកិច្ចសកលលោកក៏ដោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ