ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យករណី វាយសម្លាប់ប្លន់យកម៉ូតូ នៅខណ្ឌដង្កោ បុរសម្នាក់ ត្រូវគេប្រទះឃើញដេក ស្លាប់ កណ្តាលផ្លូវ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

7 ខែ មុន 76 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលផ្លូវ ក្នុងភូមិខ្វិត សង្កាត់សាកសំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ដែលសង្ស័យជាករណីឃាតកម្ម វាយសម្លាប់ប្លន់យកម៉ូតូ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ៦ និង៣០ ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមាន ឈ្មោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ និងជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ហើមានស្រុកកំណើតនៅ ភូមិសំឃ្លី ឃុំព្រែកខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់ ភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍សាកសំពៅ បានសហការជាមួយកម្លាំងជំនាញ នៃអធិការខណ្ឌដង្កោ បានចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ឃើញក្បែរសាកសពមានកាំភ្លើងជ័រមួយដើម មួកសុវត្ថិភាព និងកញ្ចក់ម៉ូតូ ហើយនៅលើដងខ្លួនមានស្នាមរបួស នៅកញ្ចឹងក នឹងឆ្អឹងជំនី។

តាមសាច់ញាតិសពបុរសខាងលើ បានឲ្យដឹងដែរថា ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៥ ចេញពីផ្ទះបាត់តាំងពីវេលាម៉ោង ៨យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដោយទាក់ទងមិនបាននោះទេ លុះព្រឹកថ្ងៃទី១៦ ខែតុលា ស្រាប់តែសមត្ថកិច្ចទាក់ទងមកថា ជនរងគ្រោះត្រូវបានជនមិនស្គាល់អត្តសញ្ញាណ វាយសម្លាប់ប្លន់យកម៉ូតូបាត់។

ក្រោយពិនិត្យរួចរាល់ និងសាកសួរព័ត៌មានពីសាច់ញាតិសពបុរសខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ជាករណីវាយសម្លាប់ប្លន់យកម៉ូតូ ដោយសារជនរងគ្រោះមុនស្លាប់បានជិះម៉ូតូចេញពីផ្ទះ ហើយខណៈនេះដែរ សមត្ថកិច្ចជំនាញខណ្ឌដង្កោ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕
សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើក កិច្ចប្រជុំស្តីអំពីការ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើ លួច ឆក់ ប្លន់ នៅក្នុងរាជធានីភ្នំពេញ។

ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងទទួលការងារនគរបាលសណ្តាប់ធ្នាប់សាធារណ: ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាស កិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ប្រធានអង្គប្រជុំ បានមានប្រសាសន៍សរសើរដល់កម្លាំងតាមបណ្តាខណ្ឌទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងរយ:កាលកន្លងមក ដោយបានធ្វើអោយបទល្មើសមានការថយចុះជាង៣០% បើធៀបទៅនឹងខែសីហា ជាពិសេសបទល្មើសដែលកើតឡើងគឺត្រូវបានកម្លាំងបង្ក្រាបបានទាន់ពេលវេលា រួមជាមួយនោះដែរសមាជិកនៃអង្គប្រជុំ លោកអធិការតាមបណ្តាខណ្ឌ បានចូលរួមជាមតិយោបល់ទៅនឹងការងារដែលបានអនុវត្តជាក់ស្តែង បញ្ហាប្រឈម ដំណោះស្រាយ ក៏ដូចជាផែនការមួយចំនួនដែលត្រូវអនុវត្តបន្ត។

កិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានមតិយោបល់ណែនាំល្អៗជាច្រើនដល់អង្គប្រជុំ ត្រូវធ្វើយ៉ាងណាដើម្បីចូលរួម បង្ការ ទប់ស្កាត់រាល់បទល្មើសនានាកុំអោយកើតមានឡើង ជាពិសេស ណែនាំអោយមានការសហការណ៍គ្នា អោយបានល្អ និងខិតខំបន្ថែមដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានកាន់តែប្រសើរឡីងថែមទៀត។

បទល្មើសបានកើតឡើងក្នុងទឹកដីខណ្ឌដង្កោព្រឹកម៉ិញនេះ សង្ឃឹមថា សមត្ថកិច្ច និងខិតខំប្រឹងប្រែងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ដោយខានតែបាន តបតាមអនុសាសន៍ ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំ នៅស្នងការរាជធានីភ្នំពេញ កាលពីព្រឹកម៉ិញនេះ។

សម្លាប់ ប្លន់ម៉ូតូ ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ