ព្រឹតិ្តការណ៍ថ្មីៗ

មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ

4 សប្តាហ៍ មុន 65 tnn_admin

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ

កាលពីរសៀលថ្ងៃទីចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូកងទ័ពសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានមកចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោកផងដែរ។

ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះកងទ័ពនៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែបានគាំទ្រ និងផ្តល់ជំនួយសហប្រតិបត្តិការជាច្រើនដល់កងយោធពលខេមរភូមិន្ទ ទាំងសម្ភារ បរិក្ខា ជំនាញ បចេ្ចកទេស និងការចែករំលែកនូវបទពិសោធន៍ ដើម្បីពង្រឹងសមត្ថភាព និងការបណ្តុះ បណ្តាលធនធានមនុស្សក្នុងកងទ័ព សំដៅបម្រើដល់ផលប្រយោជន៍រួម នោះគឺសុខសន្តិភាព និងស្ថិរភាពតំបន់។

នៅក្នុងជំនួបសម្តែងការគួរសមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក គីម ជុងស៊ូ មេបញ្ជាការបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពជើងគោកនៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាតទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋកូរ៉េ។

ក្នុងនាមប្រធានគណៈប្រតិភូ សូមវាយតម្លៃខ្ពស់ និងកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិក៏មានភាពរីកលូតលាស់។ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៨ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សារណៈរួមគ្នាមួយ ដើម្បីបង្កើតទំនាក់ទំនងលើវិស័យការពារជាតិ ដែលនឹងផ្តល់ឱកាសដល់អង្គភាពយោធានៃប្រទេសទាំងពីរ អាចធ្វើសហប្រតិបត្តិការជាមួយគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សំដៅរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ចុងបញ្ចប់នៃជំនួបពិភាក្សានៃថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយក្រៃលែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ