ព្រឹតិ្តការណ៍ថ្មីៗ

ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីនបានជួបពិភាក្សាគ្នាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ

1 ខែ មុន 40 តូ សុផល

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម នៅក្នុងជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin)

មេបញ្ជាការកងពលធំថ្មើរជើងលេខ៧ នៃកងទ័ព ជើងគោកហ្វីលីពីនកាលពីរសៀលថ្ងៃទីចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងគោក រាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូកងហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសបានមកចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា និងបានអញ្ជើញមកកាន់ទីបញ្ជាការកងទ័ពជើងគោកផងដែរ។

ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ ក្រោយពីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះអនុស្សរណៈរួមគ្នាកាលពីឆ្នាំ២០១៧ ដែលបានបើកឱកាសឲ្យកងទ័ពទាំងពីរអាចធ្វើការជាមួយគ្នា និងជួយគ្នាទៅវិញទៅមក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានជម្រាបជូនគណៈប្រតិភូអំពីប្រវត្តិនៃការបង្កើតកងទ័ពជើងគោកកម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលនៃការកសាងសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ ដោយចំពោះមុខកងទ័ពជើងគោកកម្ពុជាក៏កំពុងអនុវត្តផែនការកំណែទម្រង់របស់ខ្លួនផងដែរ ដែលក្នុងនោះកិច្ចការជាអាទិភាព គឺការកសាងធនធានមនុស្សក្នុងកងទ័ព។

នៅក្នុងជំនួបសម្តែងការគួរសម ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេណាត អាហ្គុសស្ទីន (Lenard Agustin) មេបញ្ជាការកងពលធំថ្មើរជើងលេខ៧នៃកងទ័ពជើងគោកហ្វីលីពីន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានអនុញ្ញាតទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពហ្វីលីពីន។ ប្រធានគណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរអំពីវឌ្ឍនភាពរីកចម្រើនរបស់កម្ពុជា ក្នុងនោះវិស័យការពារជាតិក៏មានភាពរីកលូតលាស់។ ជាក់ស្តែងទិដ្ឋភាពក្នុងឱកាសដែលគណៈប្រតិភូបានចូលរួមពិធីខួបលើកទី២៥ នៃថ្ងៃបង្កើតកងពលតូចលេខ៧០។

នៅក្នុងការពិភាក្សា ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការរួមគ្នា ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ការបន្តជួយគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ច និងការចែករំលែកព័ត៌មាន។ នៅចុងបញ្ចប់នៃការពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកដោយភាពស្និទ្ធស្នាល និងក្នុងស្មារតីកិច្ចសហប្រតិបត្តិការខ្ពស់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ