ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តវិមានតេជះ ហៅវត្តស្រះចក

7 ខែ មុន 56 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩

វត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ដែលមានបណ្ដោយ ៤៦ម៉ែត្រ និង ទទឹង ២៥ម៉ែត្រ និងកម្ពស់ ០៣ជាន់ ស្មើនឹង ៣០ម៉ែត្រ ចំណាយបច្ច័យសរុបចំនួន ២,០០០,០០០ដុល្លារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ នៃបញ្ជាការដ្ឋានកងអង្គរក្ស និងជា នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្ដជាគណៈអធិបតីពី សម្តេចព្រះវ័នរ័ត ណយ ច្រឹក ព្រះសង្ឃរាជាគណៈទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ជាសមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក, សម្តេចព្រះសក្យមុនីកិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ជាសមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តសំរោងអណ្ដែត ព្រះរាជាគណៈ ព្រះមន្រ្ដីសង្ឃ ព្រះថេរានុថេរៈ ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចូលរួមប្រមាណ ៨០០នាក់ផងដែរ ។

សូមបញ្ជាក់ថា ខណ្ឌដូនពេញ មាន វត្តចំនួន០៧ មានព្រះសង្ឃសរុបចំនួន ១,៣៥២អង្គ, គណៈកម្មការអាចារ្យចំនួន ៦២នាក់, សិស្ស-និស្សិត ដែលស្នាក់នៅតាមវត្តមានចំនួន ១,១៨៨នាក់ ។ ដោយឡែកចំពោះវត្តវិមានតេជះ ហៅវត្តស្រះចក សព្វថ្ងៃនេះមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៨៩អង្គ ក្នុងនោះ ភិក្ខុមានចំនួន ៦៤អង្គ សាមណេរមានចំនួន ២៥អង្គ យាយជីតាជីចំនួន ១១នាក់ និង សិស្សនិស្សិតចំនួន ៦៤នាក់ ។

វត្តវិមានតេជះ ហៅវត្តស្រះចក បានកសាងឡើងក្នុងឆ្នាំ១៩២៨ គឺមានអាយុកាលជាង ៨៣ឆ្នាំ មានទីតាំងស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានផ្ទៃដីទំហំ ៧,៤៧០ម៉ែត្រការ៉េ កាលដើមឡើយជាទីទំនាបបាតបឹង ដុះព្រៃរបោះ មានអូរថ្លុកតូច-ធំ និងមានស្រះមួយយ៉ាងធំសម្បូរណ៍ដោយកំប្លោក និងចក ដែលមានទឹកខួបប្រាំង ខួបវស្សា ។ បើពិនិត្យលើទិដ្ឋភាពជាក់ស្តែង គឺមានភាពស្មុគ្រស្មាញណាស់ តែដោយពុទ្ធបរិស័ទ្ធនៅតំបន់នេះចង់បានវត្តមួយស្ថិតនៅក្នុងទីនេះ ក៍បានឯកភាពគ្នា ដោយប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រៈថ្លារបស់ខ្លួន ហើយពុះពារគ្រប់ការលំបាក ប្រែក្លាយទីនេះឲ្យទៅជាវត្តមួយជាស្ថាពរ និងរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទីនេះនៅសល់ព្រះវិហារឈើ ០១, សាលាបាលី ០១, កុដិចំនួន០៦ និងសំណង់ផ្សេងៗមួយចំនួនទៀត ស្ថិតក្នុងសភាពទ្រុឌទ្រោម បាក់បែក គង់ស្នាក់នៅស្ទើរមិនកើត ។ ប៉ុន្ដែបច្ចុប្បន្នក្រោមការដឹកនាំរបស់ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ក្នុងឋានៈព្រះអង្គជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ទីអារាមមួយនេះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលសមទ្ធិផលរួមមាន៖ កុដិធំចំនួន ០២ខ្នង កម្ពស់ ០៤ជាន់, អគារសាលាបុណ្យសម្រាប់ធ្វើបុណ្យ និងតម្កល់អដ្ឋិធាតុ ០១ខ្នង, ជួសជុលសាលាឆាន់ ០១ខ្នង, កសាងរបងពុទ្ធ័ជុំវិញវត្ត ក្លោងទ្វារធំថ្មីចំនួន ០២ និងជួសជុលក្លោងទ្វារចាស់ ០១, ចាក់បេតុងក្រាលក្នុងផ្ទៃវត្តទាំងមូល និង ចាក់បេតុងខាងក្រៅរបងវត្ត,កសាងបង្គោលភ្លើងបំភ្លឺខាងក្នុង និងជុំវិញវត្ត, រៀបចំប្រព័ន្ធទឹក ភ្លើង និង លូឡើងវិញ ព្រមទាំងបានរៀបចំដោះដូរចេតិយ៍ ដែលមិនមានសណ្តាប់ធ្នាប់ឲ្យទៅជាទីកន្លែងមួយសមរម្យ និងជាទីសក្ការៈបូជាពីពុទ្ធសាសនិកគ្រប់រូប ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ