ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចក្រឡាហោម៖ បន្តជ្រើសរើសមន្ត្រីនគរបាលក្របខណ្ឌថ្មីប្រចាំឆ្នាំ ដើម្បីធានាបាននូវនិរន្តរភាពនៃរដ្ឋបាល សាធារណៈ និងសុវត្ថិភាពសង្គម

1 ខែ មុន 49 tnn_admin

ខេត្តបាត់ដំបង៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និង​ប្រកាស​តាំងស៊ុប ក្នុងក្របខ័ណ្ឌនគរបាលជាតិ

នៅសាលាភូមិភាគ ៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍ថា ក្រសួងមហាផ្ទៃបានដាក់ចេញនូវផែនការក្នុងការជ្រើសរើសមន្ត្រីនគរបាលក្របខណ្ឌថ្មីប្រចាំឆ្នាំ ដើម្បីបំពេញក្របខណ្ឌ និងធានាបាននូវនិរន្តរភាពនៃរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ក្នុងការរក្សាបាននូវសុវត្ថិភាពសង្គមទាំងបច្ចុប្បន្ននិងទៅអនាគត។ សម្តេចក្រឡាហោមបានបន្តថា បច្ចុប្បន្ននេះ​ចំនួនក្របខណ្ឌមន្ត្រីនគរបាលជាតិរបស់យើងមានការប្រែប្រួលជារៀងរាល់ឆ្នាំដោយសារ តែមានមន្ត្រីចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខណ្ឌ ការបាត់បង់សមត្ថភាពវិជ្ជាជីវៈ ការផ្ទេរចេញជាដើម ជាងនេះទៅទៀតការរីកចម្រើនរបស់សង្គមជាតិ និងការផ្លាស់ប្ដូរបច្ចេកវិទ្យាថ្មីៗ ក៏ជាផ្នែកមួយធ្វើឲ្យយើងខ្វះ​មន្ត្រីជំនាញផងដែរ។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងបន្ថែមទៀតដែរថា ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ និងចំទិសដៅ ក្រសួងមហាផ្ទៃ បានកំណត់ក្នុងការជ្រើសរើសមន្ត្រីនគរបាលជាតិក្រប​ខណ្ឌថ្មីរៀងរាល់ឆ្នាំ​ជា ៣ ប្រភេទរួមមាន៖

ប្រភេទទី១- ក្របខណ្ឌមន្ត្រីនគរបាលជាតិដែល​ត្រូវបំពេញ​ការងារនៅតាមអង្គភាពជំនាញនានា ទាំងរដ្ឋបាលថ្នាក់​ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បេក្ខជនដែលបានប្រឡងជាប់ក្នុងក្របខណ្ឌប្រភេទនេះ ត្រូវឆ្លងកាត់វគ្គបណ្ដុះ​បណ្ដាល​កម្រិតបឋមវិជ្ជាជីវៈនគរបាលពេល៤ខែ ហើយទៅថ្ងៃអនាគតវគ្គនេះនឹងអាចបង្កើនរហូតដល់៦ខែ ដើម្បីឲ្យមានលក្ខណៈប្រហាក់ប្រហែលនឹងការបណ្ដុះបណ្ដាលនៅបណ្ដាប្រទេសនានាក្នុងក្របខណ្ឌអាស៊ាន និងតំបន់។

ប្រភេទទី២- ការជ្រើសរើសឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ដែលត្រូវសិក្សារយៈពេល ៤ឆ្នាំនៅ​បណ្ឌិត្យ​សភានគរបាលកម្ពុជា។ វគ្គនេះជាវគ្គដែលមានលក្ខណៈពិសេស និងមានសារៈ​សំខាន់ជាងគេក្នុង​ចំណោម​វគ្គទាំងអស់ ពីព្រោះការបណ្ដុះបណ្ដាលបានតម្រង់ទិសឲ្យក្លាយទៅជានាយ​នគរបាលដែលមាន​សមត្ថភាព​វិជ្ជាជីវៈ គ្រប់គ្រាន់ និងអ្នកដឹកនាំបន្តវេនក្នុងពេលអនាគត។ ហេតុនេះយើងបានកំណត់លក្ខខណ្ឌ និងកម្មវិធី​អប់រំពិសេសដោយឡែក សម្រាប់ការប្រឡងប្រជែងឲ្យចូលសិក្សា និងការបណ្ដុះបណ្ដាល។

ប្រភេទទី៣- ជ្រើសរើសឲ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដើម្បីធ្វើការបណ្ដុះបណ្ដាលឲ្យក្លាយ​ជាគ្រូ​នគរ​បាល​​ជាតិបន្តវេន ក្នុងគោលដៅដោះស្រាយបញ្ហាខ្វះគ្រូនគរបាលជាតិទៅថ្ងៃអនាគត។ អ្នកទាំងនេះ ត្រូវឆ្លងកាត់​វគ្គ​បណ្ដុះ​បណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ និងត្រូវធ្វើការបណ្ដុះបណ្ដាលជំនាញ​វិជ្ជាជីវៈ​នគរបាលក្នុងប្រទេស ឬក្រៅប្រទេសព្រមទាំងត្រូវឆ្លងកាត់វគ្គគរុកោសល្យបន្ថែមទៀត ដើម្បីមានលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ជាគ្រូនគរបាលជាតិបន្តវេន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ