ព្រឹតិ្តការណ៍ថ្មីៗ

សេចក្តីជូនដំណឹង! ការហាមឃាត់រថយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទធ្វើចរាចរណ៍ ចេញ-ចូល ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

1 សប្តាហ៍ មុន 63 tnn_admin

យោងៈ-សេចក្តីណែនាំលេខ ០១៣/១៨សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់សាលារាជធានីភ្នំពេញ។

-សេចក្តីជូនដំណឹងលេខ ៥១សជណ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ របស់សាលារាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងរាជធានីភ្នំពេញ ។
-ស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ។

រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រី ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ឃ្លាំងទំនិញផ្សេងៗ និងប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនធុនធំទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ផ្សេងៗបណ្តាលមកពីរថយន្តប្រភេទធុនធ្ងន់ធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជាខណ្ឌដូនពេញ
ផងនោះ រដ្ឋបាលខណ្ឌ សូមណែនាំដូចតទៅ៖

១-អនុញ្ញាតឲ្យរថយន្តធុនធំប្រភេទ 3Aឡើងទៅ ធ្វើចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ បានចាប់ពីម៉ោង ២១,០០នាទីយប់ ដល់ម៉ោង ០៦,០០នាទីព្រឹក ។ ប៉ុន្តែមិនអនុញ្ញាតឲ្យចរាចរណ៍ ២៤/២៤ម៉ោងតាមៈ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុន្នីវង្ស តីរវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសីហនុ ផ្លូវសុធារស ផ្លូវព្រះសុរាម្រិត ផ្លូវភ្លោះព្រះអង្គឌួង និង មហាវិថីសហព័ន្ធរុស្សី ជាដាច់ខាត ។

២-មិនអនុញ្ញាតឲ្យរថយន្តធុនធំប្រភេទ 3Aឡើងទៅ ធ្វើចរាចរណ៍ចេញ-ចូល ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ចាប់ពីម៉ោង ០៦,០០នាទីព្រឹក ដល់ម៉ោង ២១,០០នាទីយប់ ។

៣-រដ្ឋបាលខណ្ឌ អនុញ្ញាតជូនចំពោះប្រភេទរថយន្តណាដែលទទួលបានការអនុញ្ញាតជាផ្លូវការ ឬមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ ប៉ុន្តែត្រូវគោរពតាមគោលការណ៍ឲ្យបានត្រឹមត្រូវ ជាពិសេសម៉ោងពេលអនុញ្ញាត និងបច្ចេកទេសដឹកជញ្ជូន ។

ក្នុងករណី លោក លោកស្រី មិនគោរពតាមសេចក្តីជូនដំណឹងខាងលើនេះទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការឃាត់រថយន្តយកមករក្សាទុកក្នុងរយៈពេលកំណត់មួយយ៉ាងម៉ឺងម៉ាត់ ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន ។

* អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់
-ប៉ុស្តិ៍ទាំង១១ និងផ្នែកប្រជាការពារខណ្ឌ ត្រូវសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាសគ្រឹះស្ថាន ឃ្លាំងទំនិញផ្សេងៗ និងប្រជាពលរដ្ឋទូទៅ មេត្តាជ្រាបជាព័ត៌មាន » ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ