ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ TYDA គឺការជួយពិនិត្យ និង ព្យាបាលប្រជាជន ដោយឥតគិតថ្លៃ

1 ខែ មុន 63 tnn_admin

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ(TYDA) អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចូលសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ បានថ្លែងថា៖ អ្វីដែលសំខាន់ នៃការចូលរួមរបស់សមាជិកTYDA គឺការជួយពិនិត្យ និងព្យាបាលប្រជាជនដោយឥតគិតថ្លៃ។ ការចូលរួមសកម្មភាពមនុស្សធម៌នេះគឺបានទទួលគុណតម្លៃពីសមាជិក និងប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ប្រកបដោយវិជ្ជាជីវៈ ទឹកចិត្ត ការទទួលខុសត្រូវ និងការពិនិត្យព្យាបាលដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។
លោកបន្តថា សមាជិកTYDA គួរតែមានមោទនភាពចំពោះលទ្ធផលសកម្មភាពមនុស្សធម៌ដែលបានជួយដល់ប្រជាជនឲ្យមានជីវិតថ្មី ស្នាមញញឹមថ្មី និងសុភមង្គលនៅក្នុងគ្រួសារ។ TYDAគឺជាយន្តការខ្មែរជួយខ្មែរដែលមានទឹកចិត្តជួយគ្នាដែលបេះដូងដោយគុណភាពរបស់សមាជិកទាំងអស់។ TYDA ក៏ជាយន្តការជួយបណ្ដុះទឹកចិត្តមនុស្សធម៌ និងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។

ជាមួយគ្នានោះដែរ លោកបញ្ជាក់ថា កម្មវិធីបញ្ចូលសមាជិកសមាគមសមាគមគ្រូពេទ្យយុវជនសម្ដេចតេជោ(TYDA) មានអត្ថន័យពីរទី១
គឺជាសក្ខីភាពបញ្ជាក់ពីការរីកធំធាត់របស់សមាគម និងទី២ គឺជាការថ្លែងអំណរគុណចំពោះសមាជិកTYDAទាំងអស់់ដែលបានចូលរួមសកម្មភាពមនុស្សធម៌នៅក្នុងសមាគមដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលការចូលរួមនេះបានកសាងនូវសមាជិក និងគុណភាពនៃការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងបេះដូង។

លោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណគ្រប់សមាជិក TYDAទាំងអស់ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមប្រកបដោយជំនាញ ឆន្ទៈនិងបេះដូងដើម្បីជួយដល់ប្រជាជន ដែលជាលទ្ធផលមកដល់ឆ្នាំ២០១៩នេះ TYDAបានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជាង៣០ម៉ឺននាក់ និងបានបញ្ជូនអ្នកជំងឺមកព្យាបាលបន្តបានចំនួនជាង ៥ពាន់នាក់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។

សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានរៀបចំពិធីបញ្ចូលសមាជិករបស់ខ្លួន ដែលលើកទី១ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ២០១៦។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ