ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ ឃួង​ ស្រេង​ អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា

7 ខែ មុន 21 តូ សុផល

រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃសុក្រ ៦កេីត​ ខែអស្សុជ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៤​ ខែ តុលា ឆ្នាំ ២០១៩នេះ​​

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម​ ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពី សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក ។

នាឱកាសនោះ សម្តេចព្រះឧត្តមចរិយា បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តម​ ឃួង​ ស្រេង​ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណ​ចំពោះសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលតែងតែបានបរិច្ចាគទេយ្យទានជូនដល់សាខា​កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ក្នុងការចូលរួមជាមួយសកម្មភាពមនុស្សធម៌ ។ ឯកឧត្តម​​ប្រធានគណៈកម្មាធិការសាខា ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាបានទទួលរួមមាន៖​ គ្រឿងឧបភោគបរិភោគចំនួន៨មុខ សម្ភារៈប្រើប្រាស់ចំនួន២១សម្រាប់ និងថវិកាចំនួន៤លានរៀល​ ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង២៤.២៥៤.៩០០រៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ