ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនខ្លួនជនជាតិចិន ទៅតុលាការ ពាក់ព័ន្ធ៤ករណីផ្សេងគ្នា

2 ខែ មុន 114 តូ សុផល

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់

ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ៤ ករណី

ទី១-ឃាតកម្មគិតទុកមុន
ទី២-កាន់កាប់អាវធុដោយគ្មានការអនុញ្ញាត
ទី៣-ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
ទី៤-រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ។

យោងតាមរបាយការណ៍សមត្ថកិច្ចបាន ឲ្យដឹងថា ជនសង្ស័យឈ្មោះ LAI SUNG MAO ភេទប្រុសអាយុ៥១ ឆ្នាំ មុខរបរ ពាណិករ មានទីលំនៅស្នាក់ក្នុងផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទាប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ XLAO HONG JE ភេទប្រុសអាយុ៣៧ ឆ្នាំមុខរបរ គ្រូបង្រៀន ស្នាក់នៅភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៩និង ៥០ នាទី ជនសង្ស័យជាជនជាតិចិនបានបើករថយន្ដមួយគ្រឿងម៉ាក HIGH LANDER មកដល់ចំណុចមុខភោជនីដ្ឋាននិងកាហ្វេហ្គ្រីន ផ្ទះលេខ១៦៦ ផ្លូវលេខ១៥០ ភូមិ៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រួចធ្វើសកម្មភាពដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះចំនួន៣ គ្រាប់ ប៉ុន្ដែសំណាងល្អមិនបណ្ដាលឲ្យជនរងគ្រោះរងរបួសទេ ។

ក្រោយពេលជនសង្ស័យធ្វើសកម្មភាព រួចក៏បានជិះរថយន្ដរត់គេចខ្លួនបាត់ស្រមោល លុះនៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចផ្ទះសំណាក់យីហោ ឡេង សុផាន បន្ទប់លេខ២២ ផ្លូវលេខ៦៤៤ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ តែម្ដង ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-កាំភ្លើងម៉ាក SIG SAUER មួយដើម
-បង់កាំភ្លើង១ និងគ្រាប់ចំនួន ៣០គ្រាប់
-លិខិតឆ្លងដែនចំនួន២ក្បាល
-ទូរសព្ទដៃ២គ្រឿង
-ម្សៅ ពណ៌ ស ចំនួន១០ កញ្ចប់
-ថ្នាំគ្រាប់ម៉ាក ហ្វាន ចំនួន ៥គ្រាប់
-ថ្នាំគ្រាប់ពណ៌ ខៀវ និងពណ៌ផ្កាឈូកចំនួន១៨គ្រាប់
-កាបូបលុយ១
-រថយន្ដម៉ាក HIGHLANDER មួយគ្រឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ