ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បាន ឃាតករ សម្លាប់ជនជាតិចិន ​កាប់បំបែកសាកសពជា​៣កំណាត់​ ហើយ!

1 ខែ មុន 83 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា​ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា

​ឃាតករសម្លាប់ជនជាតិចិន​កាប់បំបែកសាកសពជា​០៣កំណាត់​ នៅក្រុងព្រះសីហនុ​ ត្រូវបានចាប់ខ្លួនបានហើយ​ ពាក់ព័ន្ធនឹងករណីមនុស្សឃាត​ដោយគ្រោងទុកមុន ទៅលើជនរងគ្រោះ​ជាជនជាតិចិន​ ហើយបានកាប់បំបែកសាកសព​ជាបីកំណាត់​ យកទៅបោះចោល​នៅក្នុងដីឡូត៍​០១កន្លែង​នៅតំបន់អូរត្រេះចាស់​ ភូមិ៦​សង្កាត់លេខ៤​ក្រុងព្រះសីហនុ​ខេត្តព្រះសីហនុ។

នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៩និង៣០នាទី មានប្រជាពលរដ្ឋបានមកប្តឹងរាយការណ៍ថា គាត់បានឃើញសាកសពមនុស្ស​ នៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់មកលោកឧត្តមសេនីយ៍ទោ​ជួន​ ណារិន្ទ ស្នងការនគរបាលខេត្ត​ បានដាក់ផែនការឲ្យកម្លាំងជំនាញ​ចុះទៅកាន់កន្លែងកើតហេតុ​ ដើម្បីបើកការស៊ើបអង្កេតជាបន្ទាន់​ បន្ទាប់ពីបើកភួយដែលគ្រប់ ក៏បានឃើញសាកសព​ ជាជនជាតិចិន ភេទប្រុស ត្រូវបានឃាតករសម្លាប់ដោយកាត់ផ្តាច់បំពង់ក និងចាក់លើដងខ្លួនជាច្រើនកាំបិត រួចកាត់បំណែក យកសាកសព ០១កំណាត់ខ្លួនដល់ក្បាល មកចោលនៅទីនេះ រីឯជនរងគ្រោះមានឈ្មោះ​ WU CHENGHUI ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់​ បើកហាងនៅក្រុមទី១៤ ភូមិ៤​ សង្កាត់លេខ៤​ក្រុងព្រះសីហនុ​ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី​កុល​ ផាលី​ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងជំនាញផែន​ នគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ដោយមានការចូលរួម​ពីព្រះ​រាជ​អាជ្ញាអមសាលាដំបូងខេត្ត​ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យបាន​ ហើយឈានទៅចាប់ខ្លួន​ នៅវេលាម៉ោង ០២និង០០នាទី​ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជនសង្ស័យមានឈ្មោះ ZHOU YA YUN ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ នៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងវត្ថុតាងរួមមាន​កាំប៉ិតបុ័ងត ០១ដើម, អាវយឺតដៃវែង ០១ពណ៌ផ្ទៃមេឃ មានប្រឡាក់ឈាម, ខោជើងវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម, អាវយឺតដៃវែង ពណ៌សលាយឆ្នូតខ្មៅ ០១ មានប្រឡាក់ឈាម, អាវយឺតដៃខ្លីពណ៌ស ០១ មានប្រឡាក់ឈាម, អាវក្រៅដៃវែងពណ៌ស ០១ មានប្រឡាក់ឈាម, រថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-1611។

ចម្លើយសារភាពរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ច​បានឲ្យដឹងថា​ រឿងហេតុកើតឡើង​ ដោយសារជនរងគ្រោះ បានមានទំនាក់ទំនង​ជាមួយជនសង្ស័យ​ ដើម្បីប្តូរប្រាក់ចិន មកជាប្រាក់ដុល្លារអាមេរិកចំនួន ៧០.០០០$ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង០០នាទី ជនរងគ្រោះបានទៅហាងប្តូប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោ​ ប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ទៅឲ្យជនសង្ស័យរួចរាល់ហើយ ក៏ត្រូវបានជនសង្ស័យប្រើកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពជា ០៣កំណាត់ រួចវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះ យកទៅប្លុងចោលនៅកន្លែងផ្សេងៗពីគ្នា កំណាត់ទី១ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍ ០១កន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ, កំណាត់ទី២ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍ ០១កន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងកំណាត់ទី៣ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ​ក្បែរ​អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលជំនាញ​កសាងសុំណុំរឿង​ចាត់ការទៅតាមនីតិវិធី​និងបញ្ជូនទៅសាលាដំបូងខេត្ត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ