ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាស សមាសភាព ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌកំបូល

2 ខែ មុន 51 តូ សុផល

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី អនុប្រធានក្រុមការងារថ្នាក់ជាតិរាជធានីភ្នំពេញ ត្រូវបានប្រកាសទទួលមុខនាទីបន្ថែម ជាប្រធានក្រុមការងារថ្នាក់ជាតិ

ចុះជួយខណ្ឌកំបូល រួមជាមួយនឹងអនុប្រធាន ចំនួន ៣រូប និងសមាជិកសមាជិកា ចំនួន ៣៧រូបបន្ថែមទៀត នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌកំបូល ។
លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងឱ្យដឹងថា ខណ្ឌកំបូលគឺជាខណ្ឌចុងក្រោយ ជាមួយខណ្ឌបឹងកេងកង ដែលទើបបានបង្កើតថ្មី សំរាប់រាជធានីភ្នំពេញ។ ខណ្ឌបំបូល មាន៧សង្កាត់ ដែលក្នុងនោះ ៦សង្កាត់កាត់ចេញពីខណ្ឌពោធិ៍សែនជ័យ និង១សង្កាត់ កាត់ចេញពី ខណ្ឌដង្កោ ។

បច្ចុប្បន្ននេះ មូលដ្ឋានខណ្ឌ កំពុងស្ថិតនៅទីតាំងបណ្តោះអាសន្តនៅឡើយ ជាមួយនឹងការិយាល័យជំនាញ ទាំងខ្សែបណ្តោយ និងខ្សែទទឹង ក៍មិនទាន់រៀបចំរចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ ដូច្នេះហើយ រាល់ការដឹកនាំ និងគំរោងអភិវឌ្ឍន៍មូលដ្ឋាន ក៍នៅមានភាពចន្លោះប្រហោង ដែលទាមទាឱ្យមានការជួយជ្រោមជ្រែងពីក្រុមការងារ ទាំងថ្នាក់ជាតិ និងថ្នាក់កណ្តាលដើម្បីឱ្យមូលដ្ឋានខណ្ឌកំបូល ទទួលបានភាពរឹងមាំ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងឱកាសនោះ បន្ទាប់ពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ អានសេចក្តីសម្រេច លេខ០០/១៩សសរ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ របស់លោកជំទាវ ឧបនាយករដ្ឋមន្រ្តី កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញរួចមក លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី បានថ្លែងកោតសរសើចំពោះខណ្ឌកំបូល បើទោះជាខណ្ឌនេះទើបបង្កើតថ្មីក៍ពិតមែន តែសង្កាត់ទាំងអស់ គឺជាសង្កាត់ចាស់ដែលធ្លាប់ទទួបានជ័យជំនះក្នុងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននាពេលកន្លងមក ហើយមន្រ្តីទាំងអស់ សុទ្ធសឹងជាអ្នកធ្លាប់មានបទពិសោធន៍ ក្នុងការងារថ្នាក់មូលដ្ឋាន ទាំងការងារបក្ស និងការងាររដ្ឋបាល ដូចនេះ យើងសង្ឃឹមថា អ្វីៗនិងអាចដំណើរការបានល្អ មិនចាញ់ខណ្ឌនានាក្នុងរាជធានីភ្នំពេញឡើយ។

សំរាប់ក្រុមការងារទាំងថ្នាក់ជាតិ ក៍ដូចជាថ្នាក់កណ្តាល ដែលចុះមកមូលដ្ឋាន មិនមែនមានន័យថា មកត្រួត មកបញ្ជាលើអាជ្ញាធរនោះទេ គឺគ្រាន់តែជាជំនួយ ក្នុងការត្រួតពិនិត្យ តម្រង់ទិស និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំនាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យសំរេចជោគជ័យ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ