ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិយើងតាមរយៈការវាយប្រហារគ្នានោះទេ

1 ខែ មុន 44 តូ សុផល

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាព

ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំស្រង់របស់បញ្ជាការដ្ឋានអង្គរក្ស និងខួបអនុស្សាវរីយ៍លើកទី១០ ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃអង្គារ ទី១ តុលា ២០១៩ បានថ្លែងថា៖ អ្នកដែលមានគោលបំណងបំផ្លិចបំផ្លាញសុខសន្តិភាព គឺតែងតែញុះញង់ ដោយអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឲ្យចូលរួមដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែនៅគ្រប់ប្រទេសនៅលើពិភពលោក ការធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកម្លាំងប្រដាប់អាវុធគឺជាការខុសច្បាប់ មិនថាប្រទេសប្រជាធិបតេយ្យឬប្រទេសណានោះទេ។ គ្មានអ្វីដែលនាំឲ្យមានសេចក្តីសុខដល់ប្រទេសជាតិយើងតាមរយៈការវាយប្រហារគ្នានោះទេ។ មិនចាំបាច់មើលដល់៤០ ឆ្នាំមុនទេ មើលតែប្រទេសមួយចំនួននៅមជ្ឈិមបូព៌ាសព្វថ្ងៃ តើមានប្រទេសណាមួយដែលមានសេចក្តីសុខ?

លោកឧត្តមសេនីយ៍ បន្តថា ការនិយាយស្ដីរបស់មេដឹកនាំម្នាក់ដោយគ្មានការទទួលខុសត្រូវ ហើយចង់មកដឹកនាំប្រទេស ដោយបបួលគេធ្វើរដ្ឋប្រហារបំផ្លាញជាតិ ដើរវាយប្រហារការឆ្កឹះឆ្កៀលញុះញង់គ្រប់បែបយ៉ាងក្នុង គោលបំណងបំផ្លាញសុខសន្តិភាពស្ថេរភាពនៅក្នុងប្រទេស។ ដូច្នេះអ្វីដែលសំខាន់សូមកងកម្លាំងប្រដាប់អាវុធទាំងអស់ពិនិត្យមើលឱ្យច្បាស់ ប្រកាន់ជំហរឲ្យនឹងនរច្បាស់លាស់ ដើម្បីការពារថ្នាក់ដឹកនាំ ដើម្បីឲ្យថ្នាក់ដឹកនាំដោះស្រាយការងារធំៗ យកសន្តិសុខ សន្តិភាពជូនជាតិ និងប្រជាជន។ ការឆ្លងកាត់និងការលះបង់របស់អ្នកថ្នាក់ដឹកនាំមានគ្រោះថ្នាក់ច្រើនណាស់ដើម្បីឲ្យបានអ្វីៗ មកដល់សព្វថ្ងៃនេះ។ យើងត្រូវដាច់ខាតបន្តស្នាដៃ បន្តកសាងសមិទ្ធផលជូនជាតិមាតុភូមិបន្តទៀត ព្រោះថាកងទ័ពភ្ជាប់និស្ស័យជាមួយនឹងប្រជាជន កងទ័ពជារបស់ប្រជាជន ជាកូនចៅប្រជាជន បំរើប្រជាជន។ នេះគឺជាអ្វីដែលសំខាន់ដែលត្រូវធ្វើភាពស្មោះត្រង់ដាច់ខាត។

គោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិរបស់យើងគឺការធ្វើឲ្យមានសន្តិភាពឋិតថេរយូរអង្វែងនិងការកសាងអាកាសសម្រាប់កម្ពុជា។ សន្តិភាពស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមាននៅក្នុងពេលបច្ចុប្បន្នកំពុងស្ដាប់ឱកាសដ៏ប្រពៃសម្រាប់ការកសាងនិងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរៈភូមិន្ទ។ ដូច្នេះ កិច្ចការស្នូលអាទិភាពចាំបាច់និងមានសារសំខាន់បំផុតដែលកងយោធពលខេមរភូមិន្ទត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ដាច់ខាត និងទទួលខុសត្រូវដើម្បីធានាបានទាំងស្រុងនូវសុខសន្តិភាពស្ថិរភាពសន្តិសុខស្ថិតស្ថេរយុវវ័យកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិនិងបន្តលើកកម្ពស់កិច្ចសហប្រជាជាតិឱ្យបានកាន់តែទូលំទូលាយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ចំពោះយុវជនជំនាន់ក្រោយ អ្នកដែលមិនបានឆ្លងកាត់សង្គ្រាម ត្រូវចាំថា គោលដៅធំបំផុតរបស់យើងត្រូវថែរក្សាឲ្យបាននូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋ និងកូនចៅយើងគ្រប់ជំនាន់តទៅទៀត។ សូមកុំឲ្យសុខសន្តិភាពបាត់បង់ ហើយកុំចង់សាកនៅពេលដែលវាបាត់បង់។ ប៉ុន្តែមានអ្នកនយោបាយខ្លះ នៅតែចង់បំផ្លាញសុខសន្តិភាព ដោយញុះញង់ បំផុសបំផុលកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាលធ្វើឲ្យប្រទេសខ្ទេចខ្ទាំ ប្រជាជនលំបាកវេទនាដើម្បីមហិច្ឆតានយោបាយរបស់ខ្លួន។ ដូច្នេះកងកម្លាំងប្រដាប់អាវុធត្រូវតែច្បាស់លាស់ដាច់ខាត មិនអាចជាឧបករណ៍បំផ្លាញសុខសន្តិភាព មិនអាចជាឧបករណ៍បម្រើមហិច្ឆតានយោបាយរបស់គណបក្សឬអ្នកនយោបាយណាដែលមិនគោរពព្រះមហាក្សត្រ ដែលមិនគោរពរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ ដែលបោះឆ្នោតមិនឈ្នះហើយទៅបបួលគេធ្វើរដ្ឋប្រហារ។ ដូច្នេះកុំឲ្យមានប្រវត្តិសាស្ត្រដូចអតីតកាល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ