ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់ម្នាក់ របួស១៤នាក់ គ្រោះថ្នាក់រវាង រថយន្តក្រុង ក្រុមហ៊ុន វីរៈប៊ុនថាំ បុកជាមួយ រថយន្ត ធុនត្រា

1 ខែ មុន 232 តូ សុផល

ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកក្នុងស្រុកសូទ្រនិគម

រវាងរថយន្តជាមួយនឹងរថយន្ត បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់និងរបួសចំនួន១៤នាក់ ក្នុងនោះ លើកទី១ គឺនៅវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណស្លាទុំលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A.4940 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយបានរត់គេចខ្លួន ក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងល្បឿនលឿនជាន់ហ្វាំងមិនជាប់ បានបុកចំពីក្រោយរថយន្តម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B.5675 បើកបរដោយឈ្មោះ ងិន សារៈ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកបរទិសដៅស្របគ្នាពីលិចទៅកើត នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម បណ្តាលឲ្យអ្នកដំណើរទាំងសងខាងរងរបួសធ្ងន់និងស្រាលចំនួន១៤នាក់ក្នុងនោះជនបរទេស២នាក់ផងដែរ ដោយបានធ្វើឲ្យឱ្យរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំក្រឡាប់ធ្លាក់ចូលប្រឡាយទឹក ខណៈរថយន្តធុនត្រាខូចខាតផងដែរ ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា បានឲ្យដឹងបន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍លើកទី២ គឺនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ គឺរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធីមុន្នី ដឹកអ្នកដឹណើរ ម៉ាកហ៊ីយិនដាយ ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 3C.6856 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដោយបានរត់គេចខ្លួន បើកបុកចំពីមុខរថយន្តម៉ាកឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A.3083 បើកបរដោយឈ្មោះសឿង គា (ស្លាប់នៅលើរថយន្ត) ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិពុកយុក ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ទេព ចាន់ណា បានឲ្យដឹងបន្ថែមទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកនេះ បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងជារថយន្តត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកសូទ្រនិគម អូសយកមករក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ