ព្រឹតិ្តការណ៍ថ្មីៗ

ប្ដីប្រពន្ធតា​យាយក្រខ្សត់មួយគូ ត្រេកអរស្ទើរស្រក់ទឹកភ្នែក ពេលដែលមាតាមនុស្សធម៌ ជួយបំពេញក្ដីស្រមៃ «ចង់បានផ្ទះស្អាតមួយរស់នៅ មុនលាចាកលោកនេះទៅ»

8 ខែ មុន 36 tnn_admin

(ភ្នំពេញ)៖ លោកតា យ៉ែម សៀន អាយុ៧២ឆ្នាំ ដែលមានជំងឺប្រចាំកាយ និងភរិយា​លោកយាយ ​ឡូត ផាច អាយុ៦៨ឆ្នាំ មានមុខរបរដើរបេះបន្លែលក់និងស៊ីឈ្នួលច្រកស្វាយឱ្យគេ រស់នៅភូមិបត់តាជី១ ស្រុកព្រែកហូរ ខណ្ឌតាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល មានកូនបួននាក់ (ប្រុស២នាក់ និងស្រី២នាក់) បានសម្ដែងនូវក្ដីរំភើបសប្បាយរីករាយ លាយឡំជាមួយទឹកភ្នែក ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាដ៏ឧត្តុង្គឧត្តម​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជួយបំពេញក្ដីស្រមៃរបស់ពួកគាត់ ដែលចង់បានត្រឹមផ្ទះស្អាតតូចមួយសម្រាប់ងាយស្រួលជ្រកកោនពេល ភ្លៀងផ្គរ រងា ក្ដៅ ដូចគេឯង មុននឹងលាចាកលោកនេះទៅ។

លោកតា យ៉ែម សៀន និងគ្រួសារ បានថ្លែងថា «ពីមុន គ្រួសាររបស់ខ្ញុំ រស់នៅក្នុងរោងប្រក់សង្ក័សី តែដោយក្ដីយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ពិសេស អ្នកម្តាយមនុស្សធម៌​ បានជួយបំពេញក្ដីស្រមៃរបស់ពួកយើង ដែលធ្លាប់តែប៉ងប្រាថ្នា ហេីយមិននឹងស្មានថាកេីតឡេីងនោះបានលេចចេញជារូបរាងនឹងភ្នែកសោះ។ យើងខ្ញុំទាំងអស់គ្នា សប្បាយចិត្ដរកអ្វីប្រៀបផ្ទឹមមិនបានទេ ខ្ញុំមិននឹកស្មានដល់ទេ​ សប្បាយណាស់រំភើបណាស់ កូនចៅទាំងអស់ បានលាផុតពីក្ដីលំបាក ការភ័យព្រួយ ក្ដៅរងាដូចមុនទៀតហើយ។​ កូនចៅអរគុណអ្នកម្ដាយណាស់ ជួយកូនចៅឱ្យមានផ្ទះនៅស្អាត អាចច្រកភ្លៀង​ ក្ដៅ​ រងា​ដូចគេឯង»។

ការលើកឡើងបែបនេះរបស់លោកតា យ៉ែម សៀន ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញមកប្រគល់ផ្ទះថ្មថ្មីមួយខ្នង ទំហំ ៤ម៉ែត្រ គុណនឹង១២ម៉ែត្រ ក្នុងដីទំហំ ៦គុណ នឹង២០ម៉ែត្រ ដែលផ្ទះនេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ និងបាន​រួចរាល់ ហេីយបានប្រគល់ជូនផ្ទាល់ ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកតា យ៉ែម សៀន បា​នថ្លែងថា «មាតាមនុស្សធម៌ ជាម្ដាយដ៏មានព្រហ្មវិហារធម៌ដែលជួយសង្គ្រោះកូនចៅគ្រប់ៗគ្នា ក្នុងនោះបានជួយដល់គ្រួសារខ្ញុំ ដោយមិនត្រឹមជួយផ្ដល់ថវិកាសាងសង់ផ្ទះដ៏ស្រស់ស្អាតនោះទេ ថែមទាំងជួយផ្គត់ផ្គង់ការខ្វះខាត ជាលុយកាក់ ស្បៀងអាហារថែមទៀតផង ដែលធ្វើឱ្យកូនចៅទាំងអស់គ្នាត្រេកអរ រកអ្វីប្រៀបបានឡើយ។​ ជាពិសេសទៀតោះ អ្នកម្ដាយ អញ្ជើញមកដោយផ្ទាល់ ដើម្បីដឹងសុខទុក្ខ​កូនចៅទៀត យើងខ្ញុំទាំងអស់គ្នា មិនដែលស្រមៃគិតថា នឹងមានថ្ងៃនេះឡើយ អរផង យំផង សើចផង ដៃជើងឡើងញ័រអស់ហើយ»។

លើសពីនោះ លោកតា យ៉ែម សៀន បានថ្លែងបន្ដថា «យើងខ្ញុំស្រឡាញ់ និងគោរពលោកឪពុក អ្នកម្ដាយ (សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន), សម្ដេចតែងតែយកចិត្ដទុកដាក់ដល់កូនចៅទាំងអស់គ្នា មិនថាក្រខ្សត់ដូចជារូបខ្ញុំឡេីយ​ លោកតែងតែមេត្ដា​ ករុណា ដល់ពួកយើងគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ គឺលោកជួយទាំងអស់ ពិសេសពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា គ្មានទីពឹង ក្មេងកំព្រា​ និងពលរដ្ឋរងគ្រោះដោយគ្រោះមហន្ដរាយនានា គឺឃើញវត្ដមាន អ្នកម្ដាយ លោកឪពុក ចុះមកជួយជានិច្ច។ ជាក់ស្ដែង​ ដូច​ក្រុមគ្រួសាររបស់យើងខ្ញុំ​ ពេលនេះបានរួចផុតពីទុក្ខលំបាកទៀតហើយ កូនចៅប្រជាពលរដ្ឋ សូមលើកដៃបន់ស្រន់ដល់ទេវតាក្នុងលោក ជួយប្រសិទ្ធពរ ដល់អ្នកមានគុណ មានសុខភាពរឹងមាំបូរិបូណ៌ អាយុវែង ដើម្បីបន្ដដឹកនាំប្រទេសប្រកបដោយសន្ដិភាពនេះរហូតទៅ»​។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនដល់គ្រួសារលោកតា យ៉ែម សៀន​ នូវ​ថវិកាចំនួន​ ៥លានរៀលបន្ថែមទៀត​ ពីលេីថវិកាដែលបាន​ផ្តល់ជូនពី​មុនចំនួន​ ១០លានរៀល។ ជាមួយគ្នានេះ​ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានណែនាំដល់ដល់កូនចៅប្រុសស្រី ទាំងអស់ ត្រូវខិតខំរៀនសូត្រ និងប្រឹងប្រែងធ្វើការងារ ជាពិសេសត្រូវមើលថែឪពុកម្ដាយឱ្យបានល្អ ហេីយជាពិសេសកុំសេពគ្រឿងញៀន កុំប្រព្រឹត្ដល្បែងស៊ីសង និងត្រូវធ្វើជាពលរដ្ឋគំរូនៅក្នុងភូមិស្រុកផងដែរ។

សូមជម្រាបថា លោកតា យ៉ែម សៀន ជាអតីតទ័ពជើងគោកមួយរួប ដែលបម្រើប្រទេសជាតិចាប់ឆ្នាំ១៩៨២ រហូតដល់ឆ្នាំ២០១២។ ដោយមានជំងឺប្រចាំកាយច្រើនមុខផង ធ្វើឱ្យគ្រួសារកាន់តែមានជីវភាពលំបាក ដោយរស់នៅក្នុងរោងផ្ទះផ្ទាល់ដី ប្រក់សង្ក័សី ដែលធ្វើឱ្យគាត់គ្មានក្ដីសង្ឃឹមថា នឹងមានផ្ទះតូចមួយខ្នងល្អស្អាត រស់នៅដូចគេ​នោះទេ​ ហេីយរស់នៅជាមួយតែក្ដីព្រួយបារម្ដ និងភាពភ័យខ្លាចពេលដែលលាចាកលោកនេះទៅ កូនគាត់កាន់តែវេទនា គ្មានជម្រកល្អស្អាតទុកឱ្យប្រពន្ធកូន។ ប៉ុន្តែដោយមានគិតគូរគ្រប់ជ្រកល្ហក ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសភរិយានាយករដ្ឋមន្ដ្រីកម្ពុជា ដែលជាមាតាមនុស្សធម៌ ដែលមិនទុកឱ្យពលរដ្ឋណាម្នាក់ មិនទទួលបានការយកចិត្ដទុកដាក់ និងមើលថែពីលោកឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ