ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត អញ្ជើញចូលរួមពិធី និងចែកអំណោយជូនដល់កុមារកំព្រា និងបុគ្គលិកនៃមណ្ឌលគោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ

4 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចូលរួមពិធី និងចែកអំណោយជូនដល់កុមារកំព្រា និងបុគ្គលិកនៃមណ្ឌលគោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត ១.០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ឱម វិសាល តំណាងធនាគារ អ៊ឹមធីអ៉ិនអែមភឺរ័របែង រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធ និងប្រធានមណ្ឌលទាំង១៣ ក្នុងរាជធានីភ្នំពេញ ដែលប្រារព្ធឡើងនៅមណ្ឌលកុមារកំព្រាសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច​ទាំងពីរ តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយឧបត្ថម្ភ​ទាំងសម្ភារៈ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា ​ទាំងអស់​នៅ​ទូទាំងប្រទេស ។ លោកជំទាវបានបន្តទៀតថា ការពិត​ក្មួយៗ កំព្រាឪ​ពុក ម្តាយ​មែន តែ​ចិត្ត​ក្មួយៗមិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន ​សម្ដេច​ទាំងពីរ អាជ្ញាធរ​គ្រប់ លំដាប់​ថ្នាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ សម្បទា និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រាជធានីភ្នំពេញតែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ។

លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមណ្ឌល បុគ្គលិកនិងម៉ែដោះ ដែលបានជួយថែទាំដល់កុមារកំព្រាទាំងអស់ ហើយក៏សូមអរគុណពីការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេស ធនាគារអ៊ឹមធីអ៉ិនអែមភឺរ័របែង ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផង ក៏ដូចជាថែរក្សានូវអនាគតធនធានមនុស្សរបស់កម្ពុជាផង ។ ជាក់ស្តែងថ្ងៃនេះ ធនាគារ អ៊ឹមធីអ៉ិនអែមភឺរ័របែង ក៏បានផ្តល់ជូននូវ របស់របរប្រើប្រាស់ប្រចាំថ្ងៃដល់មណ្ឌល ទាំង១៣ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មី និងអំបិល ។ ចំណេកឯកុមារម្នាក់ៗទទួលបាន កន្សែងពោះគោ ១ ភួយ ១ សាប៊ូលុច ១កញ្ចប់ ថ្នាំដុសធ្មេញ ១ប្រអប់ ច្រាសដុសធ្មេញ ១ សាប៊ូកក់សក់ ១ដប និងថវិកាមួយចំនួន និងបុគ្គលិកតាមមណ្ឌលក៏បានទទួលថវិការឧបត្ថម្ភផងដែរ។

លោកជំទាវក៏បានសំណូមពរឲ្យឲ្យម៉ែដោះ បន្តយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងជួយថែទាំដល់កុមារកំព្រាទាំងអស់ និងអំពាវនាវដល់ សុប្បុរសជននានា ក៏ដូចជាវិស័យឯកជនបន្ត ជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រាទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសផងដែរ៕

នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ