ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ចាម ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះសិស្សនិទ្ទេស A ចំនួន ៩នាក់

1 ខែ មុន 8 តូ សុផល

ភ្នំពេញ៖ ជាការបន្តនូវគោលគំនិត របស់ថ្នាក់ដឹកនាំមុនៗ ក៏ដូចជាការលើកទឹកចិត្ត ដល់សិស្សដែលព្យា​យាមរៀន​សូត្ររហូតទទួលបាននិទ្ទេសល្អ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានផ្ដល់​រង្វាន់លើកទឹកចិត្ត ជាម៉ូតូម្នាក់ ១គ្រឿង ចំពោះ សិស្សនិទ្ទេស A ចំនួន ០៩នាក់ នៅក្រុងកំពង់ចាម ទៅតាមការសន្យា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នេះ ។

ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថា នេះគឺជាទឹកចិត្ត របស់ឯកឧត្ដមផ្ទាល់ ដើម្បី ឆ្លើយតបទៅនឹងការ​ខិត​ខំ​ប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល ១២ឆ្នាំកន្លងទៅ ។ ទាំងអស់នេះ គឺជាកិត្តិយស សម្រាប់ខ្លួនឯង ក៏ដូច​ជា មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលាផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់ខេត្តកំពង់ចាម របស់​​​យើង ផងដែរ ។ មួយផ្នែកទៀត ការជួយនូវម៉ូតូនេះ ក៏ដើម្បី បានរួមចំណែកសម្រាលបន្ទុកដល់ឪពុក ម្ដាយ ឬអា​ណាព្យាបាល ក្នុងការដោះស្រាយ ជាមធ្យោបាយធ្វើដំណើរ សម្រាប់កូនចៅរបស់ខ្លួន ។ ឯកឧត្ដម​អភិបាល​ខេត្ត លើកឡើងថាទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលង​ប្រជែង នៅកម្រិតឧត្ដមសិក្សា ទៅតាមការ​សម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯងមាន ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀន​សូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បី យកចំណេះដឹង មកបំរើដល់​ប្រយោជន៍សង្គមជាតិ ក៏ដូចជា ភាពរីកចំរើន ដល់ក្រុមគ្រួសារ ផងដែរ ។ ទន្ទឹមជាមួយនោះ នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បី រួមគ្នាកសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែរីកចំរើន តទៅមុខទៀត ។

ដោយឡែក ជាមួយនឹងអំណោយអនុស្សាវរីយ៍ ជាម៉ូតូនេះដែរ លោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម ក្នុងនាមសិស្សានុសិស្ស មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលា ផងដែរ បានលើកនូវចំណាប់អារម្មណ៍ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ទឹកចិត្តសប្បុរស របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ដែលបានរួមចំណែកលើកកម្ពស់ ដល់វិស័យអប់រំ នៅក្នុងខេត្តកំពង់ចាម តាមរយៈ ការលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលបានខំប្រឹងប្រែងរៀនសូត្រ និងទទួលបាននិទ្ទេសល្អ នាពេលនេះ ។ លើសពីនេះទៅទៀតនោះ កាយវិកាគំរូនេះ វាបានចូលរួមចំណែកដាសតឿន និងក្រើនរំលឹក ទៅដល់សិស្សជំនាន់ក្រោយៗ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យកាន់តែពូកែ ផងដែរ ។ ដូច្នេះ តាមរយៈទឹកចិត្ត ដ៏ប្រពៃថ្លៃថ្លានេះ សូមគោរពជូនពរ ដល់ឯកឧត្ដមអភិបាលខេត្ត និងក្រុមគ្រួសារ បុត្រា បុត្រី សូមមានសុខភាពល្អ ប្រកបតែសេចក្ដីសុខចំរើន និងជោគជ័យ គ្រប់ភារកិច្ចការងារ ។ សូមជម្រាបថា ការផ្ដល់រង្វាន់លើកចិត្តនេះ នឹង​ធ្វើឡើង ដូចៗគ្នា នៅតាមបណ្ដាស្រុក ផ្សេងៗទៀត នៃខេត្តកំពង់ចាម ពោលគឺ អាស្រ័យ លើទៅតាមការ​រៀប​ចំ របស់ក្រុមការងារ នៅក្នុងមូលដ្ឋាននីមួយៗ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នៅទូទាំងខេត្តកំពង់ចាម មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន ២៧នាក់ ក្នុងនោះ ស្រីចំនួន ១៣នាក់ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ