ព្រឹតិ្តការណ៍ថ្មីៗ

អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅក្រុងប៉ោយប៉ែត

1 ខែ មុន 47 tnn_admin

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចការងារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុងបាវិត ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាល និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនិងស្វាយរៀង និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីការចុះធ្វើទស្សនកិច្ចសិក្សាបឋម និងពិនិត្យមើលស្ថានភាពជាក់ស្ដែងចំនួនពីរលើក គឺលើកទី១ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ និងលើកទី២ នៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចការងារទាំងពីរលើកខាងលើ ព្រមទាំងការដាក់ចេញនូវកិច្ចការបន្តចំពោះមុខ សម្រាប់ជាមូលដ្ឋានឈានទៅដល់ការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន, ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, និង ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស។ សូមរំឭកថា បេសកកម្មនេះត្រូវបានធ្វើឡើង ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ