ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ ចុះជួបម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គីភ័យ នៅខណ្ឌឬស្សីកែវ

1 ខែ មុន 62 tnn_admin

ភ្នំពេញ៖ នាយប់ថ្ងៃអង្គារ ៤រោច​ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៧​ ខែ​ កញ្ញា ឆ្នាំ​ ២០១៩នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា អមដំណេីរដោយលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១៣គ្រួសារ​ ដែលជាម្ចាស់ផ្ទះរងគ្រោះដោយសារអគ្គីភ័យ នាវេលាម៉ោង​១១:៣០នាទីរសៀលថ្ងៃនេះ​ ស្ថិតនៅភូមិឃ​ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។

មានប្រសាសន៍នាខណៈនោះ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា ក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ គ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រេីប្រាស់ចំនួន២០មុខ និងថវិកាចំនួន២សែនរៀល ។ ដោយឡែកសម្រាប់​គ្រួសារដែលរងរបួស​ និងបាត់បង់ជីវិតទទួលបានថវិកាបន្ថែមពី ឯកឧត្តមប្រធានគណៈកម្មាធិការសាខា​ ចំនួន៥លានរៀល និងជួយចេញថ្លៃព្យាបាលជនរងគ្រោះទាំងស្រុង​ផងដែរ​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ