ខេត្តកំពង់ឆ្នាំង៖ ក្រោយ សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូខ្មែរក្រោក បើកការស៊ើបអង្កេត២ខែ កន្លងមកបានពិនិត្យឃើញបញ្ហាស្មោគគ្រោកថ្មីៗបន្ថែមទៀតដែលកំពុងសំងំក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ ពីករណីមុន បានស្រាវជ្រាវរកឃើញ ម្ដងហើយចំពោះភាពមិនប្រក្រតីនៃការយកដីអនុក្រឹត្យ របស់រដ្ឋាភិបាលត្រូវប្រទានកម្មដល់ពលរដ្ឋទៅអោយក្រុមហ៊ុនឯកជនដោយចេញប្លង់ទាំងខុសនីតិវិធី! ករណីមុន គឺបន្ទាប់ពី ឯកឧត្តម ប្រធានបក្សខ្មែរក្រោក បានរាយការណ៍ផ្ទាល់ជូន សម្ដេចតេជោ រាជរដ្ឋាភិបាល ក៏ដាក់វិធានការចេញ សជណ លេខ ១២៩៦ អោយពិនិត្យសាជាថ្មី។
បច្ចុប្បន្ន សមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោក បានរកឃើញទៀតថា មានដីរដ្ឋជាច្រើនកន្លែងដែលឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងនោះមាន ដី៨ទីតាំងជាជាដីអតីតតារាងបាល់ ដីបន្ទាយទាហាន ដែលឋិតក្នុងស្រុកទឹកផុសហើយដីទាំងអស់សុទ្ធសឹងជាដីរបស់រដ្ឋ ហើយក្នុងចំណោមដី ៨ទីតាំង មាន៧ទីតាំងជាដីឃុបឃិតធ្វើប្លង់រឹងរួច និងបានលក់មួយទីតាំងអោយជន ឈ្មោះ អុក រស់ ប្រធានមន្ទីរ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីមានប្លង់រឹងទាំង៧។
សមាជិកឧត្តមក្រុមប្រឹក្សា គណបក្សខ្មែរក្រោក សូមបញ្ជាក់ជូនថា ដី៨ទីតាំងនេះ ដែលជាដីរបស់រដ្ឋនេះ គឺ មាន ឯកសារ ភស្តុតាង គតិយុត្តិ គ្រប់គ្រាន់សម្រាប់រៀបចំជារបាយការណ៍បញ្ជូនទៅប្រមុខរាជរដ្ឋាភិបាល ដោយមិនបានបូកបញ្ចូលជាមួយដី២០ទីតាំងផ្សេងទៀត នៅតំបន់ព្រៃលិចទឹក តំបន់ត្រីពង និងក្នុងទីរួមខេត្តដែលជាដីរដ្ឋនោះទេ ព្រោះខណៈនេះ សមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោក កំពុងបន្តស្រាវជ្រាវស៊ើបអង្កេតបន្ថែមទៀត ។
សមាជិកឧត្តមក្រុមប្រឹក្សាគណបក្សខ្មែរក្រោក សង្ឃឹមថា បណ្ដាមន្ត្រីទាំងអស់ ដែលរាជរដ្ឋាភិបាលប្រគល់អំណាចអោយធ្វើជាសេនាធិការ របស់រាជរដ្ឋាភិបាលក្នុងការបំរើពលរដ្ឋ សូមមេត្តាចៀសវាងករណីដូចនេះ បើមិនដូចនេះថ្ងៃខាងមុន នឹងដល់វេនអស់លោកម្ដងដូចគ្នា។ ប្រភព៖ William Guang
ពាក់ព័ន្ធនិងករណីនេះ អង្គភាពយើងមិនទាន់ទទួលបានការបំភ្លឺបកស្រាយពី ឯកឧត្តម ឈួរ ចាន់ឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅឡើយ។ TNN និងផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពី ឯកឧត្តម អភិបាល ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ ក៍ដូចជាបង្ហាញពីភាពស្អាតស្អំ ផងដែរ៕
Tag: ខ្មែរក្រោក