ព្រឹតិ្តការណ៍ថ្មីៗ

ទឹកចិត្ត ឆន្ទ: សកម្មភាពមនុស្សធម៌របស់សមាគមTYDA បានចុះពិនិត្យនិងព្យាបាលកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្តេចតេជោ ហ៊ុន សែនគូលែន៣១៧

1 ខែ មុន 52 តូ សុផល

ខេត្តសៀមរាប៖ ទោះបីមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកចិត្ត ឆន្ទ: សកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោមិនរាថយឡើយដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដោយមិនគិតថ្លៃជិត ៣០០០នាក់ ដែលមានព្យាបាលជំងឺទូទៅ ជំងឺមាត់ ធ្មេញ ត្រចៀក ច្រមុះ បំពង់ក រោគស្រ្តី ស្ត្រីមានផ្ទៃពោះ និងការវះកាត់តូចៗ នៅនឹងកន្លែង ដែលសកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅក្នុងវិទ្យាល័យស្នាតេជោ ភូមិស្នាតេជោ ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលដឹកនាំដោយលោក លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ និងមានការចូលរួមពីថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) មន្ត្រីរាជការអាជ្ញាធរ យោធិន គ្រួសារយោធិនមកពីមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្តេចតេជោ ហ៊ុន សែនគូលែន៣១៧សៀមរាប កងកម្លាំងប្រដាប់អាវុធ កម្លាំងស្ម័គ្រចិត្ត យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយកងទ័ព គ្រួសារកងទ័ពនិងប្រជាពលរដ្ឋ លោកស្រី អនុប្រធានសមាគមបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋតាមរយៈការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ។ លើសពីនេះ សម្ដេចបានឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅតាមអង្គភាពចំណុះបណ្តាភូមិភាគ។

នៅក្នុងឱកាសនោះដែរលោកស្រីក៏បានលើកឡើងពីគំរូវីរភាព និងការលះបង់របស់កងទ័ពនៅសមរភូមិមុខ និងសូមឲ្យយើងទាំងអស់គ្នាចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពដែលមានដូចសព្វថ្ងៃដើម្បីយើងរស់នៅមានសេចក្តីសុខ។ 

ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យសុខភាព និងព្យាបាល ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តម្នាក់ៗបានសំដែងនូវក្តីរំភើបសប្បាយរីករាយរកអ្វីប្រៀបស្មើពុំបាន ដែលមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត តែងតែគិតគូរពីសុខភាពជាពលរដ្ឋទូទៅ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ ពួកគាត់បានអោយដឹងទៀតថា ការព្យាបាលសុខភាពជូនពួកគាត់នាពេលនេះ គឺបានកាត់បន្ថយការចំណាយក្នុងគ្រួសាររបស់គាត់បានមួយចំណែកទៀតផងដែរ នេះជាការលើកឡើងរបស់ពួកគាត់។ 

សូមបញ្ជាក់ថាការចុះពិនិត្យនិងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ នៅខេត្តសៀមរាប គឺជាលើកទី៥ហើយ ដែលសកម្មភាពមនុស្សធម៌នេះបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីរាជការអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) យុវជន នៅផ្លូវដែលពាក់ព័ន្ធក្នុងការបម្រើសេវា សុខាភិបាល បង្ខិតឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីសម្រាលទុក្ខលំបាកដល់ពួកគាត់ប្រចាំថ្ងៃ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ