ព្រឹតិ្តការណ៍ថ្មីៗ

«ទុក្ខលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់ព្រះមហាក្សត្រ»

1 ខែ មុន 10 tnn_admin

ខេត្តកំពង់ចាម៖ នាវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ និងព្រួយបារម្ភខ្ពស់ អំពីសុខទុក្ខប្រជាកសិករដែលជាកូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា នៃព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនប្រជារាស្រ្តរងគ្រោះចំនួន ៥២៨គ្រួសារ ក្នុងឃុំចំនួន៤គឺ ឃុំពាមកោះស្នា , ឃុំព្រះអណ្តូង , ឃុំទួលព្រះឃ្លាំង នឹង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សម្ដេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវព្រះរាជបណ្ដាំ សាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ សេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។

ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលបានព្រះរាជទានជូនដល់ប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់បណ្តាលឱ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៥២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ និងក្រមា១) មី១កេស ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ផ្ទាំង អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកាចំនួន ២០ម៉ឺនរៀល ។ ប្រភព៖ Royal du Cambodge

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ