ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត

1 សប្តាហ៍ មុន 13 តូ សុផល

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្ត្រីឡាវ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល ដែលស្ដែងចេញពីចំណងមិត្តភាពដ៏ជិតស្និតនិងរាក់ទាក់បំផុត។ ប្រមុខដឹកនាំទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងរវាង កម្ពុជា-ឡាវ ដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។

ប្រមុខដឹកនំានៃប្រទេសទាំងពីរនឹងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមា នចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីពីការទុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក និងការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក, ការមិនប្រើប្រាស់កម្លាំង, ឬការគម្រាមប្រើកម្លាំង, ការដោះស្រាយទំនាស់ដោយសន្តិវិធី, ព្រមទាំងមិនអនុញ្ញាតឱ្យក្រុមអ្នកនយោបាយ ឬកម្លាំងប្រដាប់អាវុធបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងបន្តរក្សាការជួបប្រជុំកំរិតខ្ពស់ឱ្យបានទៀងទាត់ ដោយមានការចូលរួមរវាងតំណាងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសម្របសម្រួលដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការជឿទុកចិត្តគ្នារវាងប្រជាជាតិទាំងពីរ។ ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទំាងពីរ ដើម្បីរួមគ្នាព្រាងឯកសារគតិយុទ្ឋផ្សេងៗឱ្យបានឆាប់បំផុតអំពីសន្ធិសញ្ញាសី្តពីការខណ្ឌសីមាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពាក់ព័ន្ធកំណាត់ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួចរាល់ហើយចំនួន៨៦%នៃខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ ចំពោះការកំណត់ព្រំដែនដែលនៅសេសសល់មិនទាន់មានខណ្ឌសីមា គឺភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសនិ្តវិធីឱ្យបានឆាប់បំផុត។ ភាគីទាំងពីរក៏បានឯកភាពប្រគល់ភារកិច្ចជូន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ឱ្យពិភាក្សាគ្នាអំពីការដាំបង្គោលព្រំដែនបន្ថែ ម នៅ លើកំណាត់ព្រំដែនចំនួន ៨៦% និងផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំង ពី រ
បានទទួលយកសម្រាប់ភ្ជាប់ជាឧបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំ ង ពីរ ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ឱ្យអនុវត្តនូវតួនាទីប្រក បដោ យ ស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធា នា នូវសន្តិភាព និងស្ថិរភាពនៅតាមបណ្តោយព្រំដែននៃប្រ ទេ សទាំងពីរ និងដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាធ្វើការសម្របសម្រួល និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្ដិសុខសាធារណៈ ជាពិសេសតាមរយៈការពិគ្រោះយោបល់ជាទៀងទាត់ និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់, កម្មវិធីផ្លាស់ប្តូរនិស្សិត, កិច្ចសហប្រតិបត្ដិការកុងស៊ុល និងច្បាប់ រួមទាំងក្នុងការងារផ្ទេរទណ្ឌិតទៅវិញទៅមក និងកិច្ចសហប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែនដទៃទៀត។ ទន្ទឹមនឹងនោះដែរ គឺប្រមុខដឹកនាំទាំងពីរបានយល់ព្រមដោះស្រាយសម្រួលបញ្ហាបន្ទាន់នានានៅតាមព្រំដែនដែលមានដូចជា ជំងឺឆ្លង និងគ្រោះមហន្តរាយផ្សេងៗដែល អោយបានឆាប់រហ័សដោយប្រើប្រាស់សេវានិងទីកន្លែងដែលនៅជិតតាមព្រំដែន។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីតាមរយៈកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ហើយព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតដូចជា វិស័យកសិកម្ម, រុក្ខាប្រមាញ់ និងនេសាទ, ហិរញ្ញវត្ថុ, ការដឹកជញ្ជូន, ទូរគមនាគមន៍, ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ជលូតុវិទ្យា និងបរិស្ថាន។ ភាគីទាំងពីរយល់ស្របគ្នាថា ការពង្រឹងកិច្ចសហប្រតិបត្ដិការផ្នែកសង្គម-វប្បធម៌ ដែលរួមមានសុខុមាលភាពសង្គម, អប់រំ និងកីឡា, ព័ត៌មាន, វប្បធម៌ និងទេសចរណ៍, ការថែរក្សាសុខភាព និងយុវជន ដែលមិនត្រឹមតែជួយគាំទ្រដល់ទំនាក់ទំនងលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ ស្មារតីមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសតាមរយៈការបង្កើនពាណិជ្ជកម្មទ្វេភាគីលើវិស័យថាមពលអគ្គិសនី ដែលផលិតពីប្រភពវារីអគ្គិសនីនៅរោងចក្រដើរដោយធ្យូងថ្ម និងប្រភពថាមពលផ្សេងៗទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធទាំងសងខាង ធានាថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជា និងឡាវ នឹងត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នា និងស្របតាមផែនការ។ ភាគីទាំងពីរក៏បានបង្ហាញនូវបំណងរួមក្នុងការជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ ហើយយល់ស្របគ្នាថាពាណិជ្ជកម្មថាមពលរវាងកម្ពុជា, ឡាវ និងវៀតណាម អាចនឹងជំរុញបានតាមរយៈការបង្កើតនូវបណ្តាញបញ្ជូនអគ្គិសនីរួមនៃប្រទេសទាំងបី។

ជាចុងក្រោយ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងវៀងចន្ទ និងរវាងខេត្តសៀមរាប និងខេត្តចំប៉ាសាក់ ។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពជំរុញមន្រ្តីរៀងៗខ្លួននៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការជួបប្រជុំ និងពិគ្រោះយោបល់គ្នាជាប្រចាំ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមក លើគ្រប់វិស័យ ដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពបន្ដបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ និងយន្ដការតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់អោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព តាមរយៈការអនុវត្ដនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេស នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបតិ្តការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា-ឡាវ-វៀតណាម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ