ព្រឹតិ្តការណ៍ថ្មីៗ

កឺកឺ បើករថយន្ត BMW X6 ប៉ះគេហើយបើករត់  ផ្អើលប៉ូលិសចេញជួយអន្តរាគមន៍ បុកទាំងប៉ូលិសទៀត  ចាប់វាយខ្នោះកក្រើក ខណ្ឌចំការមន

1 សប្តាហ៍ មុន 163 tnn_admin

ភ្នំពេញ ៖  ស្ទើរតែរាល់យប់គេតែងតែប្រទះឃើញករណីជនជាតិ ចិន បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ជួនកាលពួកគាត់បង្កហិង្សាថែមទៀតផង និងពេលខ្លះទៀត  មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះទៀតផង ។

ជាក់ស្តែង គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ខណៈបុរសជនជាតិ ចិនម្នាក់ បើករថយន្ត BMW  X6 ទំនើប ដឹកនារីជនជាតិចិនរូបស្រស់សោភាម្នាក់ ទៀត បោះពួយក្នុងល្បឿនលឿន  បានទៅប៉ះម៉ូតូមួយគ្រឿង ដួល  ហើយមិនព្រមឈប់ទទួលខុសត្រូវ ឬដោះស្រាយទេ បែរជាបើក ចេញពីកន្លែងកើតហេតុ  តែត្រូវបានកម្លាំងសមត្ថកិច្ចស៊ីវិលប្រទះឃើញ ទើបបោះដៃតាមវិទ្យុទាក់ទង(ID)  ប្រាប់កម្លាំងសមត្ថកិច្ច មូលដ្ឋាន ខណ្ឌចំការមន  និងខណ្ឌបឹងកេងកង  ចេញជួយអន្តរាគមន៍  និងប្រដេញតាមពីក្រោយ  ស្រាប់តែជនជាតិចិននោះ  បើកទៅបុកសមត្ថកិច្ចស៊ីវិលម្នាក់  ដែលបើកម៉ូតូ PCX  មកស្ទាក់ពីមុខចំពេញទំហឹង  ខ្ទេចអស់មួយកំណាត់   ហើយរថយន្តបង្កក៏រេចង្កូតទៅបុករថយន្ត Range Rover  ដែលចតអែបសួនច្បារពុះចែកផ្លូវ បណ្ដាលឲ្យខ្ទេចទាំងពីរគ្រឿងទៀត  ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់បានទាំងអ្នកបើកបរ  និងរថយន្ត តែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១:៤០នាទីយប់  ថ្ងៃពុធ  ទី១១  ខែកញ្ញា  ឆ្នាំ២០១៩នេះ   នៅចំណុចមុខ រដ្ឋសភា  ផ្លូវរដ្ឋសភា  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ TNN ដឹងថា  នៅមុនកើតហេតុ  គេឃើញបុរសជនជាតិចិនបើករថយន្ត ស៊េរីទំនើប  ម៉ាក BMW-X6 ពាក់ស្លាកលេខភ្នំពេញ  2AK-9993  ដឹកនារីរូបស្រស់ជនជាតិចិនម្នាក់ទៀត  ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម  ពីត្បូងមកជើង  ក្នុងល្បឿនលឿន  លុះមកដល់ចំណុចជិតក្រសួងមហាផ្ទៃ  ស្រាប់តែបានជ្រុលទៅប៉ះម៉ូតូមួយគ្រឿង បណ្ដាលឲ្យដួល តែមិនដឹងរបួស ស្រាល ឬធ្ងន់នោះទេ ។ ភ្លាមៗនោះរថយន្តបង្កមិនព្រមចុះមកទទួលខុសត្រូវ  ឬធ្វេីការដោះស្រាយគ្នា សិនទេ  បានបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ  តែចៃដន្យមានកម្លាំងសមត្ថកិច្ចស៊ីវិលដែលកំពុងធ្វើដំណើរឆ្លងកាត់នោះដែរ  ប្រទះឃើញ  ទើបបោះដៃតាមវិទ្យុទាក់ទង(ID)  ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់  និងកម្លាំងល្បាតខណ្ឌទូទាំងខណ្ឌចំការមន និងខណ្ឌបឹងកេងកង បន្ថែមទៀត នោះ បានសហការគ្នាក្នុងការចេញជួយអន្តរាគមន៍  និងប្រដេញតាមពីក្រោយរថយន្តខាងលើ នេះ  ដោយប្រាប់អោយឈប់រថយន្តសិន  ជនជាតិចិន ដែលជាអ្នកបើកបរ រថយន្ត បង្ក  មិនព្រមឈប់ឡើយ  ។

ប្រភពដដែលបន្តទៀតថា  រហូតមកដល់ចំណុចផ្លូវរដ្ឋសភា  ក៏មានកម្លាំងសមត្ថកិច្ចស៊ីវិលម្នាក់  ជិះម៉ូតូមួយគ្រឿង  ម៉ាក  Honda PCX ស្លាកលេខនគរបាល  1-8592 មកឈប់ចាំស្ទាក់ ផ្លូវនៅចំណុចមុខរដ្ឋសភា  ទើបជនជាតិចិននោះ  ក៏បើកទៅបុកសមត្ថកិច្ចរួមទាំងម៉ូតូចំពេញទំហឹងតែម្ដង ហើយក៏រេចង្កូតទៅបុករថយន្ត Range Rover  មួយគ្រឿងទៀត  ពណ៍ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ   2M-9577 ដែលម្ចាស់រថយន្ត  ឈប់ចតស្ងៀមអែបសួនច្បារពុះចែកផ្លូវ  បណ្ដាលឲ្យខ្ទេចទាំងពីរគ្រឿងទៀត បើកទៅមុខលែងរួច  ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់ឃាត់បានជនជាតិចិនដែលជាអ្នកបើកបរ  និងរថយន្ត តែម្ដង បន្ទាប់ពីឃាត់បានហើយ ដោយមានបញ្ជាពីថ្នាក់លើ  ទើបចាប់វាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍នគរបាល ទន្លេបាសាក់  ដេីម្បីរងចាំប្រគល់អោយ ជំនាញ ចុះមកធ្វើការវាស់វែង  និងធ្វើរសាកសួរ បន្ត។

ចំណែកឯសមត្ថកិច្ចដែលជាម្ចាស់ម៉ូតូ PCX បានរងរបួសជើងម្ខាង នោះ  ត្រូវបានរថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាល  ហុងហាក់  មកដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ  នៅមន្ទីរពេទ្យ កាល់ម៉ែត  ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  សមត្ថកិច្ចផ្នែកជំនាញ  វាស់វែង ចរាចរណ៍  នៃអធិការដ្ឋានខណ្ឌចំការមន  បានចុះមកវាស់វែង  និងស្ទូចយករថយន្តបង្ក  រួមទាំងជនជាតិចិន ដែលជាអ្នកបើកបរ  យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរងចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់៕ ដោយ៖ បងម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ