ព្រឹតិ្តការណ៍ថ្មីៗ

សូមអបអរសាទរ! សិស្ស​ពិការភ្នែក​ចំនួន ៤​នាក់ នៃ​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

1 ខែ មុន 56 តូ សុផល

ភ្នំពេញ​៖ សិស្ស​ពិការភ្នែក​ចំនួន ៤​នាក់ នៃ​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី ដែល​ស្នាក់នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី(​គ្រួសារ​ថ្មី​) បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​ទទួលបាន​និទ្ទេស C, D និង​E​។ បើតាម​លោក អ៊ុច ប៊ុនធឿន នាយករង​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី (​គ្រួសារ​ថ្មី​) បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖ «​លទ្ធផល​នេះ ជា​ប្រវត្តិសាស្ត្រ​របស់​សិស្ស​ពិការ​នៃ​អង្គការ​គ្រួសារ​ថ្មី ព្រោះ​ឆ្នាំនេះ​មាន​សិស្ស​ជាប់​និទ្ទេស​ល្អ (C)​។ ជាពិសេស​ពួកគាត់ បាន​ប្រឡង​ទាំងអស់គ្នា​»​។

​បេក្ខជន​ពិការភ្នែក​ទាំ​ង​សងខាង​ចំនួន ៤​នាក់ នៃ​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​) នា​សម័យ​ប្រឡង ១៩ សីហា ២០១៩​។ បេក្ខជន​ពិការភ្នែក​ទាំ​ង ៤​នាក់ ដែល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ជាស៊ីម​សាមគ្គី រួមមាន យុវតី សឿង ស៊ីណា ជាប់​និទ្ទេស C, យុវជន ផន ភាន់ ជាប់​និទ្ទេស D, យុវជន សូ សៀម​សុខ​ឃីម ជាប់​និទ្ទេស D និង​យុវជន មុត សុជាតិ ជាប់​និទ្ទេស E​។ ក្នុងចំណោម​បេក្ខជន​ប្រឡង​ជាប់​ទាំងអស់នេះ បេក្ខជន​ម្នាក់ មានបំណង​រៀន​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​ម្នាក់ទៀត រៀន​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​។

​លោក អ៊ុច ប៊ុនធឿន នាយករង​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី (​គ្រួសារ​ថ្មី​) ដែល​គ្រប់គ្រង​សិស្ស​ពិការភ្នែក​ទាំង​៤​នាក់​នេះ បាន​បញ្ជាក់ថា​៖ «​សិស្ស​ពិការភ្នែក​ទាំងនេះ មានការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដូច​សិស្ស​ធម្មតា ហើយ​មានបំណង​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​»​។ បើតាម​លោក អ៊ុច ប៊ុនធឿន ក្រៅពី​សិក្សា​នៅ​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី សិស្ស​ពិការភ្នែក​៤​នាក់ បាន​សិក្សា​បន្ថែម​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​(​គ្រួសារ​ថ្មី​) ដែលជា​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។

​ក្រោយ​ដឹង​លទ្ធផល​ជាប់​និទ្ទេស D យុវជន ផន ភាន់ បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​៖ «​សែនសប្បាយ​ចិត្ត​ត្បិត​អី​រូបខ្ញុំ នៅក្នុង​អារម្មណ៍​សប្បាយ​ម្លេះ​ទេ កូន​បាន​ជាប់​ហើយ​អស់ឱ​អ្នក​ម៉ែ កូន​អរ​ម្លេះ​ទេ​នៅក្នុង​ចិន្តា​។ កូន​សូម​អរគុណ​ដល់​អ្នក​ម្ដាយ​ថ្លៃ ឪពុក​ប្រពៃ​ដ៏​ល្អ​ស្រស់ថ្លា ដែល​បានអោយ​កូន​តស៊ូ​សិក្សា ឥឡូវនេះ​ណា​កូន​ជោគជ័យ​ហើយ និង​សូម​អរគុណ​លោកគ្រូ​អ្នកគ្រូ ដែល​តែង​គិតគូរ​ដល់​ខ្ញុំ​ឥត​ស្បើយ តែងតែ​បង្រៀន​ខ្ញុំ​មិន​ហត់​ឡើយ ខ្ញុំ​អរគុណ​ហើយ​លោកគ្រូ​អ្នកគ្រូ​។ ខ្ញុំ​សូម​ជូនពរ​ដល់​ម្ដាយ​ឪពុក សូមអោយ​បាន​សុខ​ដក​អង្វែង​យូរ និង​សូម​ជូនពរ​លោកគ្រូ​អ្នកគ្រូ អាយុ​យឿន​យូរ​តរៀង​ទៅ​អើយ​»​។

​ចំណែក​យុវជន មុត សុជាតិ ដែល​ជាប់​និទ្ទេស E វិញ ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ សុជាតិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា​៖ «​ទីបំផុត​ខ្ញុំ​អាចធ្វើ​បាន​សូម​អរគុណ​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន​កូន​រយៈពេល​12​ឆ្នាំ​នេះហើយ​សូម​អរគុណ​មិត្តភក្ដិ​តាំងពី​អនុ​និង​វិទ្យាល័យ​ដែល​តែងតែ​ជួយ support នៅក្នុង​ថ្នាក់​ដូចជា​ជួយ​ហៅ​មេរៀន​ជាដើម​សង្ឃឹមថា​មិត្តភាព​ពួកយើង​មិន​ចប់​ដូច​ថ្នាក់រៀន​ទេ​»​។

​លោក អ៊ុច ប៊ុនធឿន បានចាត់ទុក​លទ្ធផល​របស់​បេក្ខជន​ពិការភ្នែក​ទាំង ៤​នាក់​នេះ ជា​ប្រវត្តិសាស្ត្រ​។ នាយករង​រូបនេះ អះអាងថា​៖ «​លទ្ធផល​នេះ ជា​ប្រវត្តិសាស្ត្រ​របស់​សិស្ស​ពិការ​នៃ​អង្គការ​គ្រួសារ​ថ្មី ព្រោះ​ឆ្នាំនេះ​មាន​សិស្ស​ជាប់​និទ្ទេស​ល្អ (C)​។ ជាពិសេស​ពួកគាត់ បាន​ប្រឡង​ទាំងអស់គ្នា​»​។​

​សូមបញ្ជាក់ថា បេក្ខជន​ពិការភ្នែក​ទាំ​ង​៤​នេះ គឺ​ប្រើ​ការសរសេរ​ដោយ​ការ​ចុច និង​ស្ទាប​អក្សរ​។ ដោយឡែក សម្រាប់​ដំណើរការ​នៃ​ការប្រឡង​វិញ គឺ​អនុរក្ស បាន​ហៅ​ប្រធាន​វិញ្ញាសា​ដល់​បេក្ខជន ដើម្បី​ដោះស្រាយ​លំ​ហាត់​នីមួយៗ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ