ព្រឹតិ្តការណ៍ថ្មីៗ

ដាច់បុណ្យដាច់ទានអស់! ចោរឆក់ទូរស័ព្ទបាត់ ខណៈតេតាម យាយជីតាជី ទៅធ្វើបុណ្យ

9 ខែ មុន 60 tnn_admin

ភ្នំពេញ  ៖  បុរសវ័យចំណាស់ម្នាក់ ជាអ្នកដឹកនាំយាយជីតាជី ទៅធ្វើពិធីបុណ្យនៅទីរួមខេត្តតាកែវ គ្រាន់តែដកទូរស័ព្ទយកមកខលហៅតាយាយមកជួបជុំគ្នាឡើងរថយន្តក្រុង  ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿង  ឌុបគ្នាមកធ្វើសកម្មភាព ឆក់ទូរស័ព្ទ  បានសម្រេច រួចជិះចេញទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៃអធិការដ្ឋានខណ្ឌមានជ័យ  ចេញជួយអន្តរាគមន៍ឡើយ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃអាទិត្យ  ទី៨ ខែកញ្ញា  ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា  ជាប់ច្រកចូលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ លើកំណាត់ផ្លូវមុនីរ៉េត (២១៧)  ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

ប្រភពពីបុរសវ័យជាង៦០ឆ្នាំរងគ្រោះខាងលើបានអោយដឹងថា  គាត់ជាអ្នកដឹកនាំតាជីយាយជី ជាង៣០នាក់ទៀត ដើម្បីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ ដោយបានម៉ៅរថយន្តក្រុងមួយគ្រឿង សម្រាប់ធ្វើដំណើរទៅវិញទៅវិញផងដែរ  លុះព្រឹកព្រលឹមម៉ោងកើតហេតុខាងលើ ខណៈពេលដែលគាត់កំពុងតែដកទូរស័ព្ទ  ចុចខលហៅយាយជីតាជីដែលគាត់ដឹកនាំទៅ  ឲ្យមកជួបជុំគ្នាឡើងរថយន្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា  ស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿង (មិនចាំម៉ាក) មិនដឹងមកពីណា  បានអែបមកពីក្រយគាត់  រួចឆក់ទូរស័ព្ទដៃរបស់គាត់  បានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល តែម្ដង  មិនរំខានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចេញជួយអន្តរាគមន៍ឡើយ។

ទូរស័ព្ទដែលចោរយកទៅបាត់នោះ  ម៉ាក Sumsung (មិនស្គាល់ម៉ូឌែល) ដែលមានតម្លៃជាង៣០០ដុល្លារ  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  បានអោយដឹងថា  គេតែងតែឃើញ កម្លាំងនគរបាលមូលដ្ឋាន ចេញល្បាត  ពួនស្ទាក់ក្នុងមូលដ្ឋាន  ដើម្បីត្រៀមលក្ខណៈ អន្តរាគមន៍ជួយសង្គ្រោះបាន ទាន់ពេល ជុំវិញ បញ្ហា សន្តិសុខ និងបំរើ ការងារជូនប្រជាពលរដ្ឋដែរ  នៅពេលពួកគាត់ត្រូវការបន្ទាន់ តែប្រហែលមកពីចេញល្បាតតាមគោលដៅបាត់អស់  ទើបមិនឃើញមានសមត្ថកិច្ចមូលដ្ឋានណាចេញមកជួយឡើយ មានតែប្រជាពលរដ្ឋនៅជិតនោះនាំគ្នាចេញមកព្រោងព្រាត តែយឺតពេលទៅហើយ  ដោយសារតែជនសង្ស័យ ជិះគេចចេញបាត់លឿនពេក ។

ជុំវិញហេតុការណ៍នេះ  បុរសវ័យចំណាស់រងគ្រោះ  ត្រូវបានប្រជាពលរដ្ឋ នៅក្បែរនោះ សួរថា ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងសិនទេ  ទើបគាត់ឆ្លើយទាំងទឹកមុខមាំថា  មិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ធ្វើអ្វីទៀតទេ  នាំតែវែងឆ្ងាយទេ  ដាច់បុណ្យដាច់ទានអស់  ព្រោះជាប់ដឹកនាំយាយជីតាជីទៅធ្វើបុណ្យនៅទីរួមខេត្តតាកែវ  ដោយមិនបានបញ្ជាក់ថាត្រលប់មកវិញចាំប្ដឹង ឬក៏អត់នោះទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ