ព្រឹតិ្តការណ៍ថ្មីៗ

មុខដដែលៗ? តុលាការផ្តន្ទាទោសមេក្លោងលក់គ្រឿងញៀនប្រចាំស្រុកឧដុង្គ ដែលនគរបាល២ខេត្តចាប់ខ្លួនមិនដែលបានយូរ ដាក់គុក ៣ឆ្នាំ

1 ខែ មុន 91 តូ សុផល

កំពង់ស្ពឺ៖ ទីបំផុត! មេក្លោងជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះ ប្រចាំតំបន់ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានលោក ម៉ែន វណ្ណៈ ជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល។ 

ជនជាប់ចោទមានឈ្មោះ ប្រះ ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវតុលាការចោទប្រកាន់ និងផ្តន្ទាទោសពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

សូមជម្រាបជូនថា កម្លាំងសមត្ថកិច្ច នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២១៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក ហង់ សុីថា ប្រធានតុលាការខេត្តកំពង់ស្ពឺ និងជាចៅក្រមស៊ើបសួរ។

ប្រភពពីមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺ បានបង្ហើបថា បន្ទាប់ពីជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ ត្រូវចាប់ខ្លួនជាលើកទី៣ មានមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ ព្យាយាមរត់ការសុំឲ្យតុលាការដោះលែងជនជាប់ចោទរូបនេះវិញ ប៉ុន្តែមិនអាចបានសម្រេច។ 

ប្រភពបន្ថែមថា ក្រុមអ្នករត់ការឲ្យមានដោះលែងជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ កំពុងព្យាយាមធ្វើការងារនេះឲ្យបានសម្រេចនៅសាលាឧទ្ធរណ៍ ដើម្បីជួយឲ្យមេក្លោងជួញដូរគ្រឿងញៀនរូបនេះ អាចចេញពីគុកទៅប្រកបមុខរបរចាស់វិញបានឆាប់រហ័ស។ 

គួរជម្រាបជូនថា លោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ កាលពីដើមខែឧសភា ឆ្នាំ២០១៩ ធ្លាប់បានចេញដីការបង្គាប់ឲ្យចាប់ និងឃុំខ្លួន ជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ តាមអំណាចសាលក្រមលេខ ២៣០ “ខ” ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដែលបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

នៅក្រោយពេល ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅឃុំតាមដីការបស់តុលាការ ជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ បានប្តឹងទាស់សាលក្រមលេខ ២៣០ “ខ” ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ របស់លោកចៅក្រម ម៉ែន វណ្ណៈ ទើបតុលាការបើកសវនាការលើសំណុំរឿងនេះឡើងវិញ និងប្រកាសសាលក្រមម្តងទៀតកាលពីព្រឹកមិញនេះ។ 

គូររម្លឹកថា ជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ គឺជាមេក្លោងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងទឹកដី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដ៏មានអំណាច និងឥទ្ធិពលដែលធ្លាប់ត្រូវបាននគរបាលស្រុកឧដុង្គចាប់ខ្លួន ជាមួយគ្រឿងញៀន និងជញ្ជីងថ្លឹងគ្រឿង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែក្រោយបញ្ជូនខ្លួនទៅដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ជនជាប់ចោទរូបនេះត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ។

ក្រោយមកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ។ ពេលនោះលោក គឹម ម៉េង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួន ទណ្ឌិតរូបនេះ ជាបណ្តោះអាសន្នបានមិនដល់មួយខែផង លោកចៅក្រម គឹម ម៉េង ក៏ដោះលែងជនជាប់ចោទឈ្មោះ ប្រះ ស្រីមុំ ឲ្យទៅផ្ទះវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ