ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទះសំណាក់  ពោធិ៍មាសថ្មី  ល្បីផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន! សមត្ថកិច្ច ឆ្មក់ចូលឆែកឆេរ

1 ខែ មុន 36 tnn_admin

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១  បានឃាត់ខ្លួនជនប្រុសស្រី៥នាក់  ក្នុងការចុះធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី”  ជាទីតាំង ដែលតែងតែមាន ក្រុមក្មេងស្ទាវ ប្រុសស្រីមកស្នាក់នៅពពាក់ពពូនគ្នា ចែកចាយ  និងប្រើប្រាស់គ្រឿងញៀន ដុះស្លែមួយផងដែរ ។

ការឃាត់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់ យីហោ “ពោធិ៍មាសថ្មី”  ផ្ទះលេខ៧៦B ផ្លូវលំ ក្រុមទី២ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៏ទោ ស៊ិន សុវណ្ណ ឋានៈនាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១  បានចុះធ្វើការត្រួតពិនិត្យឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ ពោធិ៍មាសថ្មី ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានអោយដឹងថា  ទីតាំងខាងលើដែលមានអ្នកទទួលខុសត្រូវឈ្មោះ ទេព ឈុន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់កើតហេតុខាងលើ  គឺត្រួតពិនិត្យនឹងឆែកឆេរចំនួន៤បន្ទប់ ឃាត់ខ្លួនមនុស្សចំនួន៥នាក់ រកឃើញម្ស៉ៅក្រាមព៌ណសថ្លាចំនួន២កញ្ចប់តូច នឹងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំង៤នាក់ មានដូចជា

ទី១.ឈ្មោះ ជា ច័ន្ទថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់។

ទី២.ឈ្មោះ មាស ស៊ីនិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរសន្តិសុខឯកជន ។

ទី៣.ឈ្មោះ ស៊ុន ចាននាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។

ទី៤.ឈ្មោះ ចាន់ ដារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន។

ទី៥.ឈ្មោះ ស៊ុ មករា ភេទស្រី អាយុ អាយុ១៩ឆ្នាំ មុខរបរគ្មាន។

មជ្ឈដ្ឋានប្រជាពលរដ្ឋមានការរិះគន់ចំពោះ  អាជ្ញាធរសង្កាត់  និងសមត្ថកិច្ច ប៉ុស្តិ៍ រដ្ឋបាលស្ទឹងមានជ័យទី១  ដែលកំសោយលើការអនុវត្ត វិធានការរដ្ឋបាល កោះអញ្ជើញម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល មកផ្សព្វផ្សាយច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ក្នុងមាត្រ៤៤ បទសម្រួលអោយ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងផ្សព្វផ្សាយ ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនម្ចាស់ផ្ទះសំណាក់ ព្រមទាំងធ្វើការណែនាំអ្នកគ្រប់គ្រងទីតាំងអោយបានហ្មត់ចត់ផង និងតម្រូវអោយធ្វើកិច្ចសន្យាសហការទប់ស្កាត់មិនអោយមានពាក់ព័ន្ធបទល្មេីសគ្រឿងញៀន នៅក្នុងទីតាំងរបស់ខ្លួនជាដាច់ខាត ។

ឬគ្រាន់តែយកលេសថា មិនដឹងរួចខ្លួន?  តែជាក់ស្តែង ទីតាំងផ្ទះសំណាក់នេះ  ត្រូវបានគេលួចបង្ហើបប្រាប់ថា  តែងតែមានមុខសញ្ញាសង្ស័យប្រើប្រាស់និងចែកចាយ គ្រឿងញៀន ជាច្រើននាក់ ចូលមកប្រើប្រាស់ គ្រឿងញៀន  និងបង្ក ភាពអនាធិបតេយ្យ ទាំងយប់ថ្ងៃផងដែរ។

បច្ចុប្បន្នមនុស្សសរុបចំនួន៦នាក់រួមទាំងម្ចាស់ទីតាំង រួមទាំងវត្ថុតាង  ថ្នាំញៀននឹងឧបករណ៍សម្រាប់ជក់  បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ