ព្រឹតិ្តការណ៍ថ្មីៗ

អគ្គិភ័យ ឆាប់ឆេះ អគារ រោងចក្រផលិតពូក ម្សិលម៉ិញ ខាតបង់ជាង៣លានដុល្លារ

1 ខែ មុន 97 tnn_admin

ភ្នំពេញ ៖ អគារ រោងចក្រផលិតពូកកម្ពស់ ៥ជាន់ ៦ជាន់ និង៧ជាន់ បន្ទាប់ពីអគ្គិភ័យឆាបឆេះអស់រយៈពេលជាច្រើនម៉ោងបណ្តាលអោយ ប្រេះស្រុតស្រាំ អាចបង្កហានីភ័យរលំប៉ះពាល់អ្នកជិតខាង និងសំណង់ ផ្ទះប្រជាពលរដ្ឋ  ពេលនេះត្រូវបានអាជ្ញាធរ និងជំនាញសមត្ថកិច្ច សម្រេចវាយកំទេចចោលបណ្ដើរៗហើយ  នៅរសៀលថ្ងៃទី២៤  ខែសីហា  ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការវាយកម្ទេចអាគារ ខាងលើនេះ  ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បេសកជនពិសេស និងជាអនុប្រធានទី១ នៃអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត  ស្នងការរាជធានីភ្នំពេញ  និង ឧត្តមសេនីយ៍ឯក រ័ត្ន  ស្រ៊ាង  មេបញ្ជាការ អាវុធហត្ថរាជធានី  ព្រមទាំង អាជ្ញាធររាជធានី  និង លោក ពេជ្រ  កែវមុនី អភិបាលខណ្ឌ  និងលោកអភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានចុះមកពិនិត្យមើលទីតាំងជុំវិញនេះ  និងបាន សម្រេចឲ្យវាយកម្ទេចនៅអគារដែលឆេះនេះហើយដោយផ្តើមចេញពីមួយចំហៀងអគារសិន ហើយការធ្វើឡើងនេះ គឺត្រូវមានការប្រុងប្រយ័ត្នបំផុត ។

បើយោងតាម ប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងទៀតថា សំណល់អគារ ដែលឆេះនេះ គឺត្រូវចំណាយពេល ចំនួន១០ទៅ ២០ថ្ងៃ ឯណោះដើម្បី វាយកម្ទេច និងរៀបចំសម្អាត ឱ្យបានត្រឹមត្រូវឡើងវិញ។

ក្នុងការប្រើអេស្ការវ៉ាទ័រ កាយកាកសំណល់អគារ   និងវាយកម្ទេចទាំងនោះ ក៏ត្រូវការបាញ់ទឹកលើគំនរ ឆេះបណ្តើរៗដែរ ដើម្បីពន្លត់រងើកភ្លើង ដែលវានៅសេសសល់តិចតួច និងចៀសវាងបង្កកើតមានអគ្គិភ័យជាថ្មី ទៀតនោះ ។

ចំណែកឯនៅជុំវិញទីតាំងខាងលើនេះ  គេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំង ស្នងការរាជធានីភ្នំពេញ  កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ មានកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ  និងសណ្ដាប់ធ្នាប់ខណ្ឌ សង្កាត់ បានដាក់ពង្រាយដើម្បីការពារមិនអោយ ប្រជាពលរដ្ឋ  និងអ្នកដំណើរឆ្លងកាត់ជុំវិញទីតាំងនេះឡើយ  ជាពិសេស បង្កើនការប្រុងប្រយ័ត្នចំពោះ ជនឆ្លៀតឱកាស ដែលមានចេតនាមិនល្អមក លើទ្រព្យសម្បត្តិផ្សេងៗផងដែរ ។

សូមបញ្ជាក់ថា  អគារនេះ ត្រូវបានឆាបឆេះឡើង នៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំរើនផល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

បើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ អគ្គិភ័យ ដែលបានឆាបឆេះនេះ  បើគិតជាទឹកប្រាក់ បាត់បង់ជាង៣លានដុល្លារ មូលហេតុបង្កឡើងករណីឆ្លងចរន្តអគ្គីសនី ហើយសមត្ថកិច្ចជំនាញសង្គ្រោះអគ្គិភ័យ  មិនអាចគ្រប់គ្រងស្ថានការណ៍បានឡើង ព្រោះសំណល់នេះខ្ពស់ ហើយការឆាបឆេះរាលដាលសន្ធោសន្ធៅ ខណៈខាងក្នុងអាគារស្តុកទៅដោត ជ័រពូក អ៊ីប៉ុង និងស៊ីទែនស្តុកកាវ (កាវក្បាលឆ្កែ)  និងរបស់ងាយនិងឆេះស្ទើរពេញអគារ ។

ជាមួយគ្នានេះ  អាជ្ញាធរ រាជធានីភ្នំពេញ  និងអាជ្ញាធរ ខណ្ឌមានជ័យ  បានសូមថ្លែងអំណរគុណដល់កម្លាំងសរុប  កម្លាំងអគ្គស្នងការនគរបាលជាតិ កម្លាំងស្នងការនគរបាលរាជធានី កម្លាំងរាជអាវុធហត្ថរាជធានី  កម្លាំងអាជ្ញាធរមូលដ្ឋាន កម្លាំងពន្លត់អគ្គិភ័យចម្រុះរួមទាំងកម្លាំងក្រុមហ៊ុនOCIC ក្រុមហ៊ុនបុរីប៉េងហួត  កងពលតូច  ង៧០ និងកម្លាំងពន្លត់អគ្គិភ័យ  នាយកដ្ឋាន បង្ការនិងពន្លត់អគ្គិភ័យ និងការិយាល័យ  បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ  មានរថយន្តពន្លត់អគ្គិភ័យអគ្គស្នងការនគរបាលជាតិ, រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  រថយន្តពន្លត់អគ្គិភ័យការិយាល័យ អគ្គិភ័យ រាជធានីភ្នំពេញ  និងរថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យ ទីក្រុងជ្រោយចង្វារ  រថយន្តពន្លត់អគ្គិភ័យ ទីក្រុងកោះពេជ្រ (ក្រុមហ៊ុនOCIC) រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញ , រថយន្តពន្លត់អគ្គិភ័យរបស់ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា  និងរថយន្តពន្លត់អគ្គិភ័យ នៅតាមបណ្ដាខណ្ឌនានា ដែលបានចូលរួមទាំងកម្លាំង  ទាំងស្មារតី  និងសម្ភា រ បាននិងបន្តខិតខំព្យាយាមប្រឹងប្រែង បាញ់ពន្លត់ ទប់ស្កាត់អគ្គិភ័យ និងគ្រប់គ្រងស្ថានការបាន ការពារមិនអោយអគ្គិភ័យឆេះរាលដាលនៅតំបន់បរិវេណជុំវិញទីតាំងសិប្បកម្មធ្វើពូកដែលបានឆាបឆេះនោះ៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ