ព្រឹតិ្តការណ៍ថ្មីៗ

លោកយាយវ័យ៨៦ឆ្នាំ ពិការភ្នែកទាំងគូរ មានជីវភាពខ្វះខាត ប្រាថ្នារទេះរុញមួយគ្រឿង ពេលនេះមានសប្បុរសជន ជួយហើយ! 

1 ខែ មុន 566 tnn_admin

 

ភ្នំពេញ ៖ លោកយាយពិការភ្នែកទាំងគូរ​ មានវ័យ៨៦ឆ្នាំមានជីវភាពខ្វះខាត ប្រាថ្នាចង់បានរទេះរុញ ងាយស្រួលក្នុងការចល័តទៅមក តែគ្មានលទ្ធភាព អំពាវនាវអោយសប្បុរសជនជួយនោះ គិតត្រឹមថ្ងៃត្រឹមរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ មានសប្បុរជន ជួយសម្រេចបំណងប្រាថ្នាគាត់ហើយ។

លោក តាំង សុភាវុធ បានប្រាប់ ធី អិន អិន ថា ក្រោយទទួលបានដំណឹង ពីប្អូនស្រីជាជនពិការ រៀបរាប់ពីទុក្ខលំបាក របស់លោកយាយមានវ័យចំណាស់ពិការភ្នែកទាំងគូរ និងមានជីវភាពខខ្វះខាតផងនោះ រូបលោកបានកៀងគររកជំនួយពីសប្បុរជនបានមួយចំនួនផងដែរ។

ទើបនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ លោកបានអញ្ជើញប្អូនស្រីតំណាង លោកយាយមកទទួលអំណោយពីសប្បុរសជនមានដូចជា៖

អង្ក២បាវ ស្មើ១០០គីឡូ ត្រីខ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី៥កេះ ស្កសរ៥គីឡូ ទឹកបរិសុទ្ធ   ៥កេស ទឹកក្រូច២កេស រួមទាំងវិកា ៥០ម៉ឺនរៀល ដោយមានការឧត្ថម ពី លោក ហេង ឡាលីន និង លោកស្រី សេង​ សុវី​រដ្ឋា។  ដោយឡែក លោក តាំង សុភាវុធ បានឧបត្ថម រទេះជនពិការថ្មីមួយគ្រឿង លោក អ៊ា គីមជឺ ឧបត្ថម ២០ម៉ឺនរៀល (ជូនប្អូនស្រី ស សាន ជាជនពិការ ១០ម៉ឺនរៀល ថ្លៃឈ្នួលដឹកទៅមក ១០ម៉ឺនរៀល)។

លោក តាំង សុភាវុធ បន្តថា រទេះ​រុញ​នេះ ​មានសារៈ​សំខាន់​ក្នុង​ការ​ជួយ​រំលែក​ទុក្ខ​លំបាក​ពួក​គាត់ ។ លោក​បាន​ថ្លែង​ថា ​៖ «ជន​ពិការ​ ក៏​ដូច​ជា​មនុស្ស​ទូទៅ​ ដែល​រស់​នៅ​ក្នុង​សង្គម​ដែរ​។ ដូច្នេះ​សាធារណ​ជន ​មិន​ត្រូវ​រើស​​អើង​ ​និង​មើល​ងាយ​​ពួក​​គាត់​​ទេ​ ខណៈ​ពួក​គាត់​ក៏​ទទួល​បាន​សិទ្ធិ​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​ដែរ​នោះ​»​។ លោកសង្ឃឹមថា រទេះរុញ និងអំណោយខាងលើ អាចជួយសម្រាលការលំបាក និងសម្រួលដល់ជីវភាពរស់នៅរបស់លោកយាយកាន់តែប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា លោកយាយ​ ក្លូត​ អ៊ុន​ ពិការភ្នែកសងខាង​មានអាយុ​៨៦​ ភេទស្រី​ រស់នៅភូមិក្បាលកោះ​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​។ តាមការរៀបរាប់ពី ប្អូនស្រី ស សាន ថា លោកយាយមានជីវភាពក្រីក្រលំបាក​ រស់នៅជាមួយកូនស្រីមេម៉ាយមានមុខរបរលក់នំពុម្ព​ ចេកអាំង​ និង នំសន្សមអាំង​នៅផ្សារ។

ប្អូនស្រី ស សាន តំណាង លោកយាយ​ ក្លូត​ អ៊ុន​ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានក្តីអាណិត និងបានចំណាយនូវថវិកាផ្ទាល់ ជួយដល់បំពេញបំណងប្រាថ្នារបស់លោកយាយ។ ប្អូនស្រី សូមជូនពរ ដល់សប្បុរសជនទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន និង ជោគជ័យគ្រប់ភារកិច្ច៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ