ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ យោធិនគ្រប់រូប ត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ

2 ខែ មុន 76 tnn_admin

ខេត្តតាកែវ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នៅខេត្តតាកែវ នៅព្រឹកកសុក្រ ទី២៣ សីហា ២០១៩។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះនិវត្តន៍ជន អតីតយុទ្ធជនដែលជាកងកម្លាំងប្រដាប់អាវុធ រួមមាននគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ពនិងកងកម្លាំងបោសសំអាតមីន(CMAC)ផងដែរ។ លើសពីនេះ ដើម្បីកំណែទម្រង់និងប្រសិទ្ធភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការបំពេញទ័ពជំនាញ និងមន្រ្តីនៅតាមស្ថាប័នផ្សេងទៀតដែលចាំបាច់បំផុត និងប្រើប្រាស់ឲ្យអស់លទ្ធភាព នឹងធ្វើការឲ្យចំជំនាញដើម្បីដើម្បីប្រសិទ្ធភាពការងារ។

លោក ឧត្តមសេនីយ៍បន្តថា បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកដែលកំពុងប្រារព្ធ ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសម្អាតមីនឆ្នាំ២០១៩ ជំនាន់ទី១៣៧ ពិតជាបានជាឆ្លើយតបទៅនឹងសំណូមពរភារកិច្ចជំនាញចំពោះមុខរបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ព្រមទាំងបណ្តាកងឯកភាពពាក់ព័ន្ធ នៅក្នុងការងារបោសសម្អាតមីន ដោយក្នុងនោះសិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលចាំបាច់បម្រើឱ្យការងារនេះ។ ទន្ទឹមគ្នាជាមួយនឹងការអប់រំចិត្តសាស្ត្រដល់យោធិនគ្រប់រូបឱ្យមានមនសិកាវិជ្ជាជីវៈ គោរពច្បាប់វិន័យកងទ័ព យល់ដឹងសភាពការណ៍ថ្មីៗ ជាពិសេសការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។

ការងារដែលកងកម្លាំងវិស្វកម្មបានបំពេញគឺសំខាន់ណាស់បម្រើដល់វិស័យស៊ីវិល និងវិស័យកងទ័ពដើម្បីប្រយោជន៍ជាតិទាំងមូល។ ដូច្នេះទាមទារឱ្យមានជំនាញច្បាស់លាស់ ម៉ត់ចត់ មានសមត្ថភាព និងមានការហ្វឹកហ្វឺនជាប់ជាប្រចាំ។ លើសពីនេះប្រសិទ្ធភាពសម្ភារៈគឺសំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។ ដូច្នេះសូមធ្វើការសហការបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈតាមជំហ៊ាន។

ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែល កងម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ និងការកសាងស្តាររាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ជាពិសេសការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ និងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបម្រើឱ្យការងារអភិវឌ្ឍន៍ទាំងនេះ។ សមិទ្ធផលការងារខាងលើនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមកងយោធពលខេមរភូមិន្ទ ជាមួយនឹងប្រតិបត្តិករផ្សេងទៀត នៅក្នុងកិច្ចសហការបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ