ព្រឹតិ្តការណ៍ថ្មីៗ

ជនជាតិចិនម្នាក់ ថា ទិញគ្រឿងញៀន ប្រើប្រាស់ផង និងចែកចាយបន្ត ឲ្យជនជាតិចិនដូចគ្នាដែរ

1 ខែ មុន 18 tnn_admin

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង លុះកម្លាំងល្បាតដល់ចំណុចក្លិបកំសាន្ត REC ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញយុវជន ០១នាក់(ជនជាតិចិន) ហាក់មានស្ថានភាពគួរឲ្យសង្ស័យ កម្លាំងល្បាតបានឃាត់សួរនាំ និងធ្វើការឆែកឆេរ ឃើញមាន ៖ -គ្រឿងញៀនកេតាមីន(ខេហិត) ចំនួន ០៣កូនថង់ ស្មើ ២.៣៨ក្រាម -គ្រឿងញៀន YSL ពណ៌លឿង ប្រភេទថ្នាំគ្រវី ចំនួន ០៥គ្រាប់ ស្មើ ២.៥៩ក្រាម -ប្រាក់ថៃ ចំនួន ២.០០០បាត -ទូរស័ព្ទដៃ ចំនួន ០១គ្រឿង -នាមប័ណ្ណ ចំនួន ៤៥សន្លឹក ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា  ជនសង្ស័យមានឈ្មោះ យ៉េ ឆេងជីន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចជំនាញក្រុងប៉ោយប៉េត ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ។

ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនយកមកសម្រាប់ប្រើប្រាស់ផង និងចែកចាយបន្តឲ្យជនជាតិចិនដូចគ្នាថែមទៀត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា  ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ