ព្រឹតិ្តការណ៍ថ្មីៗ

បែកក្បាលស្លាប់ភ្លាមៗ ! បុគ្គលិក ក្រុមហ៊ុនឯកជន  បើកម៉ូតូ មកដល់ចំណុចផ្លូវកោង  មិនបន្ថយល្បឿន  ជ្រុលទៅបុកឃឿនចិញ្ចើមផ្លូវ  ហោះផ្លោងបោកផ្ទប់ចំបង្គោលភ្លើង 

1 ខែ មុន 93 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទៀតហើយ  ខណៈពេលដែលបុរសម្នាក់  បើកម៉ូតូ PCX មួយគ្រឿង ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង មុខវិទ្យាល័យ ជាស៊ីម សាមគ្គី  មិនបន្ថយល្បឿន  ស្រាប់តែជ្រុលឡើងទៅបុកឃឿនចិញ្ចើមផ្លូវ  ហោះផ្លោងទៅបោកផ្ទប់ចំបង្គោលភ្លើង បំភ្លឺផ្លូវពេញមួយទំហឹង  ខ្ទាតបោកនឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីទាបភ្លឺ  ឈានចូលថ្ងៃពុធ ទី២២ ខែសីហា  ឆ្នាំ២០១៩នេះ នៅតាមផ្លូវ២៧១ ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី  ស្ថិតក្នុងភូមិ១  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ មាស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុនឯកជន ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ និងទីកន្លែងកំណើតផ្ទះលេខ៨៦បេ ផ្លូវ៦៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា  មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង តែម្នាក់ឯង  ម៉ាក ហុងដា ភីស៊ីអ៉ិច  (Honda PCX)  ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ  1GU-9519  ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១  ក្នុងទិសដៅពីជើងទៅត្បូង  ក្នុងល្បឿនលឿនពេក លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោង  ស្រាប់តែបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុក ឃឿនចិញ្ចើមផ្លូវ  ហោះផ្លោងទៅបោកផ្ទប់ចំបង្គោលភ្លើង បំភ្លឺផ្លូវ ពេញមួយទំហឹង  ខ្ទាតបោកនឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗយ៉ាង អាណោចអាធ័ម កណ្ដាលផ្លូវ ។ ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុភ្លាមៗ គេឃើញស្ត្រីម្នាក់ ពាក់វ៉ែនតាដែលជាប្អូនស្រីពៅ របស់ជនរងគ្រោះ  បានទទួលព័ត៌មានថា ជនរងគ្រោះបានស្លាប់ ក៏ប្រញាប់ប្រញាល់មកមើល និងទួញសោកស្ដាយជាខ្លាំង ។

បន្ទាប់មកគេឃើញសមត្ថកិច្ចផ្នែកវាស់វែង ចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ  បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯវត្តពោធិ៏ចិនតុង។

ចំណែកឯម៉ូតូរបស់ជនរងគ្រោះ  ត្រូវសមត្ថកិច្ចមូលដ្ឋាន វាស់វែងអូសយកទៅរក្សាទុកបណ្ដោះ អាសន្ន  នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  ដើម្បីរង់ចាំប្រគល់ឲ្យក្រុមគ្រួសារវិញនៅពេលក្រោយ ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ