ព្រឹតិ្តការណ៍ថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន

2 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ៦រោច ខែស្រាពណ៍​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម Norikazu Suzuki អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។

នៅក្នុងជំនួបនោះ ឯកឧត្តម Norikazu Suzuki  បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ ក្នុងគោលបំណងដើម្បីបន្តការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងជប៉ុន។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួបសំដែងការគួរសមនាពេលនេះ ដោយសារតែឯកឧត្តមត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសកាលពីឆ្នាំទៅ ឯកឧត្តមក៏បានចំណាយពេលវេលាជាច្រើនធ្វើការងារនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងផងដែរ មកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមបានលើកឡើងនូវការងារមួយចំនួនជាពិសេសទាក់ទងទៅនឹងគម្រោងជប៉ុនបានជួយដល់ប្រទេសកម្ពុជាកន្លងមក ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍ចក្រក្នុងរាជធានីភ្នំពេញ រួមទាំងគម្រោងនៃការជួសជុលប្រាសាទផងដែរ ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានដូចជាស្ពាន ផ្លូវនេះជាដើម។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណទៅដល់​ ឯកឧត្តម​ អនុរដ្ឋមន្ត្រីការបរទេសជប៉ុនក៏ដូចជាប្រទេសជប៉ុនដែលកន្លងមកតែងតែជួយដល់ប្រទេសកម្ពុជា ជាពិសេសតាំងពីដំណើរការនៃការស្វែងរកសន្តិភាព ហើយកន្លងមកនេះប្រទេសជប៉ុនជាប្រទេសដែលបានផ្ដល់ជំនួយច្រើនមកដល់ប្រទេសកម្ពុជា ហើយថាភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏មានការចូលរួមពីប្រទេសជប៉ុនយ៉ាងច្រើនផងដែរទៅលើវិស័យផ្សេងៗ។

សម្ដេចតេជោ បានមានប្រសាសន៍ថា មានកត្តាពីរសំខាន់ក្នុងការអភិវឌ្ឍប្រទេស ទី១គឺកត្តាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលកត្តាទាំងពីរនេះជាកត្តាសំខាន់ដែលធ្វើឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចតេជោក៏បានមានប្រសាសន៍ពីការធ្វើកំណែទម្រង់របស់ប្រទេសកម្ពុជានាពេលកន្លងមក ហើយកំណែទម្រង់ទាំងអស់នោះធ្វើអោយប្រទេសកម្ពុជាមានការរីកចម្រើន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើតាមរយៈ​ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសជប៉ុនទៅដល់​ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo និងបានអបអរសាទរដែលគាត់បាន
ឈ្នះឆ្នោតជាបន្តទៀតនោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីពាក់ព័ន្ធទៅនឹងជំនួយរបស់ប្រទេសជប៉ុន គឺមិនត្រឹមតែការកសាងអភិវឌ្ឍផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ នោះទេ ថែមទាំងបានចូលរួមការអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុផងដែរ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពីវិស័យធនធានមនុស្សជាពិសេសការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីជំនួយកម្ចីសម្បទាននោះ ជប៉ុនក៏បង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ក្នុងនោះចំនួនភ្ញៀវទេសចរជប៉ុនក៏មានចំនួនគួរឲ្យចាប់អារម្មណ៍ និងកើនឡើងជាលំដាប់ផងដែរ។ ពាក់ព័ន្ធទៅនឹងប្រព័ន្ធដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ កន្លងទៅនេះជប៉ុនបានធ្វើការសិក្សាក្នុងការរកដំណោះស្រាយ ពីការដឹកជញ្ជូន ដែលទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ គឺកើតមានការកកស្ទះចរាចរណ៍ ដូច្នេះសម្ដេចតេជោក៏បានស្នើសុំឲ្យក្រុមហ៊ុនជប៉ុនមកមកធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញនេះអោយឆាប់ដើម្បីបម្រើសេចក្តីត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញកាន់តែមានភាពងាយភាពល្អប្រសើរ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ