ព្រឹតិ្តការណ៍ថ្មីៗ

 បើកការដ្ឋានជួសជុលផ្លូវ ២ខ្សែក្នុង ស្រុកព្រៃនប់ 

3 ខែ មុន 25 tnn_admin

ខេត្តព្រះសីហនុ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្នុងស្រុកព្រៃនប់ចំនួនពីរខ្សែ គឺផ្លូវលេខ ១៤៦B ប្រវែង ៣.៥៨០ម៉ែត្រ និងផ្លូវលេខ ១៤៨ ប្រវែង ២.៣២០ម៉ែត្រ ដោយក្រាលកៅស៊ូ DBST នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ពិធីបើកការដ្ឋានជួលជុលផ្លូវ ២ខ្សែ នៅស្រុកព្រៃនប់ មានការចូលរួមពីឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តំណាងមន្ទីរជំនាញ និងបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ផ្លូវ២ខ្សែនេះតភ្ជាប់មកក្រុងព្រះសីហនុ ឆ្លងកាត់ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ បំរើឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ខេត្តព្រះសីហនុ មានសក្តានុពលផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស អ្វីជាការចាប់អារម្មណ៍ គឺផ្លូវជាតិលេខ៤ បំរើការដឹកជញ្ជូនសម្ភារៈ និងទេសចរណ៍ ម្យ៉ាងដោយសារមធ្យោបាយយានយន្តមានការកើនឡើង ការប្រើប្រាស់ដងផ្លូវតែមួយ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងបញ្ហាប្រឈមកើតឡើងធ្វើឱ្យផ្លូវថ្នល់ខូចខាត ។ ហេតុនេះយើងត្រូវដោះស្រាយបញ្ហាប្រឈម ដោយបង្វែផ្លូវដឹកជញ្ជូនចេញពីទំនប់រលក ក្រុងព្រះសីហនុ ឆ្លងកាត់ស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ សម្រាប់រថយន្តដឹកជញ្ជូនធុនធ្ងន់ ។ ថ្ងៃនេះយើងបើកការដ្ឋានជួសជុលផ្លូវ ០២ខ្សែនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តបន្តថា ការជួសជុលផ្លូវមិនសំដៅបំរើឱ្យទេសចរណ៍ណាទេ គឺសាងសង់បំរើឱ្យវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូន ។ សម្រាប់ខេត្តព្រះសីហនុត្រូវធ្វើផ្លូវបេតុង កម្រាស់យ៉ាងតិច ០.២០ ម៉ែត្រ សសៃដែក ដើម្បីធានាការដឹក ជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ផ្លូវក្នុងខេត្តព្រះសីហនុ ជាគោលការណ៍របស់ខេត្ត ការកសាងផ្លូវ ជាផ្លូវបេតុងធានាភាពរឹងមាំ ហើយមន្ត្រីបច្ចេកទេសកំពុងចុះសិក្សានៅតាមផ្លូវមួយចំនួនចាំបាច់ ដើម្បីប្រើប្រាស់កញ្ចប់ថវិកាខេត្តសាងសង់នាពេលខាងមុខ ឯចំពោះមុខមានសប្បុរសជននានាចូលរួមគាំទ្រជាថវិកា ឬការសាងសង់ដោយផ្ទាល់។ យើងមានតម្រូវការចាំបាច់ ព្រោះការសាងសង់ផ្លូវ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស ធានាគុណភាពប្រើប្រាស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនបានបញ្ជាក់ថា ការសាងសង់យើងយកកញ្ចប់ថវិកាពីប្រភពផ្សេង មកធ្វើការជួសជុលដោះស្រាយ បញ្ចៀសការកក ស្ទះចរាចរណ៍ សម្រាប់ឡានដឹកទំនិញធុនធ្ងន់ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រសួងបានធ្វើការសិក្សាជាមួយក្រុមហ៊ុនបរទេស ស្តីពីគុណភាពផ្លូវនេះ និងពង្រីកលទ្ធភាពការដឹកជញ្ជូន ដោយសារការរីកចម្រើននៃសេដ្ឋកិច្ច ធ្វើឱ្យការដឹកជញ្ជូនធ្ងន់ៗមានការកើនឡើង ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព មានឱកាសកសាងប្រទេស ។ ក្រសួងបានសិក្សា ចរចារពង្រីក និងជួសជុលផ្លូវជាច្រើនខ្សែតាមលក្ខណៈបច្ចេកទេសរឹងមាំ ប្រើប្រាស់យូរអង្វែង និងបន្តជួសជុលផ្លូវជាតិលេខ៣ ពីវាលរេញ ទៅខេត្តកំពត យើងក៏ត្រូវពង្រីកផ្លូវជាតិលេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ផងដែរ ។

សូមបញ្ជាក់ថា ផ្លូវដែលជួសជុលនេះគឺផ្លូវលេខ ១៤៦B (វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស) មានប្រវែងសរុប ២៤,៥០km ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+ ១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ មកដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំពោះផ្លូវមួយខ្សែទៀតគឺផ្លូវលេខ ១៤៨ (វិថីសម្តេចតេជោ ហ៊ុន សែន) មានប្រវែងសរុប ២៣គីឡូ ម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ ២២៥+៥០០ (មុខកំពង់ផែក្រុងព្រះសីហនុ) ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មកដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ