ព្រឹតិ្តការណ៍ថ្មីៗ

 ឯកឧត្តម នួន ផារ័ត្ន និង លោក ហែម ដារិទ្ធិ ចុះស្តាប់ និងដោះស្រាយបញ្ហា ជាមួយក្រុមអាជីវករ ផ្សារសិនជូរី

1 ខែ មុន 38 tnn_admin

 

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានជួបស្តាប់បញ្ហា របស់បងប្អូនអាជីវករ ទាំងផ្សារ ឯកជន និងអាជីវករផ្សាររដ្ឋ ផ្សារសិនជូរីផ្លាហ្សា និងអ្នកលក់លើទ្រូងផ្លូវ ចិញ្ចើមផ្លូវជុំវិញផ្សារ ដើម្បីពន្យល់ ពីគំរោងសាងសង់ផ្សារថ្មី នៅទីតាំងផ្សារសិនជូរីផ្លាហ្សា បច្ចុប្បន្ន តាមគំរូប្លង់ផ្សារទំនើប ឱ្យស្របតាមការវិវឌ្ឍន៍ រីកចំរើននៃសង្គម។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ សាលារាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ មន្ត្រីជំនាញចំណុះសាលាខណ្ឌ និង បងប្អូនអាជីវករមួយចំនួនទៀត។

ការជួបប្រជុំគ្នានេះ ធ្វើឡើងបន្ទាប់ពី មានបងប្អូនអាជីវករ មួយចំនួន ភាគច្រើជាអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវ លើទ្រូងផ្លូវ ជុំវិញផ្សាសិនជូរីផ្លាហ្សា ចេញមកតវ៉ា ឱ្យអាជ្ញាធរ ជួយដោះស្រាយបញ្ហាលក់ដូររបស់ពួកគាត់ ពេលដែលក្រុមហ៊ុន ធ្វើការអភិវឌ្ឍន៍ផ្សារបច្ចុប្បន្ន ឱ្យទៅជាផ្សារទំនើប អាចនឹងមានផលប៉ះពាល់ដល់មុខរបរប្រចាំថ្ងៃ បាត់បង់ចំណូល ពួកគាត់ចង់ឱ្យរក្សាផ្សារបច្ចុប្បន្ននៅដដែល។

យោងតាមការផ្សព្វផ្សាយ ក្រុមហ៊ុនសិនជូរីផ្លាហ្សាគ្រុប នាពេលកន្លងមក នឹងកិច្ចសន្យាជាមួយបងប្អូនអាជីវករ នឹងត្រូវបញ្ចប់នៅ អំឡុងឆ្នាំ២០២១  ក្រុមហ៊ុនមានគំរោងសាងសង់ផ្សារសេនជូរីផ្លាហ្សាទាំងមូល ឱ្យក្លាយជាផ្សារទំនើប ប្រកបដោយសោភ័ណភាព អនាម័យ បរិស្ថាន និងជាផ្សារដែលមានភាពទាក់ទាញ សំរាប់ភាពរីកចំរើននៃអាជីវករគ្រប់រូប និងជាការរួមចំណេកលើកស្ទួយមុខមាត់មូលដ្ឋានផងដែរ។

ក្នុងចន្លោះរយៈពេលជាង២ឆ្នាំនេះ តាមការឯកភាពពីសាលារាជធានីភ្នំពេញ សាលាខណ្ឌពោធិ៍សែនជ័យ បងប្អូនអាជីវករផ្សារសេនជូរីទាំងអស់ នឹងត្រូវរើឥវ៉ាន់លក់ដូររបស់ខ្លួន ទៅលក់នៅទីតាំងបណ្តោះអាសន្ត នៅសួរកុមាពោធិ៍ចិនតុង ដើម្បីទុកលទ្ធភាពឱ្យក្រុមហ៊ុន ដំណើរការសាសង់ តាមគំរោង។

ក្នុងចន្លោះពេលលក់ដូរនៅទីតាំបណ្តោះអាសន្ត រយៈពេល២ឆ្នាំ និងក្រោយពីវិលចូល មកលក់នៅផ្សារសេនជូរីថ្មី រយៈពេល ៥ឆ្នាំ ក្រុមហ៊ុន នៅរក្សាតម្លៃឈ្នួល ដដែលមិនមានកែប្រែ ឬតម្លើងថ្លៃទេ តែចាប់ពីឆ្នាំទី ៦ទៅ (ពោលក្រោយពីចូលលក់នៅក្នុងផ្សារទំនើប បាន៥ឆ្នាំ ក្រុមហ៊ុន នឹងតម្លើងថ្លៃឈ្នួល តាមការព្រមព្រាងគ្នា សំរាប់តូបតូច ៣៧$ ៥០សេន និងសំរាប់តូបធំ៥០$)។

ដោយឡែកសំរាប់ អាជីវករផ្សាររដ្ឋ ដែលមានចំនួនតូបច្បាស់លាស់ ពេលចូលលក់នៅសផ្សារទំនើបថ្មី ត្រូវបង់តម្លៃ១ខែ សំរាប់តូបតូច១០$ នឹងតូបធំ១៥$ រយៈពេល២០ឆ្នាំ តែអាជីវករផ្សាររដ្ឋ គឺស្ថិតនៅក្នុងការគ្រប់គ្រង និងផ្តល់អាជ្ញាប័ណ្ណ ពីរដ្ឋបាលខណ្ឌដដែល។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ សុំការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនអាជីវករមួយចំនួន ដែលផលប៉ះពាល់ពាល់ សូមចូលរួមកិច្ចសហការល្អជាមួយ ក្រុមហ៊ុនសេនជូរីផ្លាហ្សាដើម្បីអោយដំណើរការនៃគំរោងសាងសង់ផ្សារទំនើបដំបូង ក្នុងខណ្ឌពោធិ៍សែនជ័យ អាចដំណើរការបានដោយជោគជ័យ។ លោក បន្ថែមថា បើ ផ្សារទំនើប សេនជូរីផ្លាហ្សា អាចបង្កើតបានមែន គឺជារឿងដ៍ល្អប្រសើរ ជួយលើកមុខមាត់ខណ្ឌ ជាពិសេស បងប្អូនអាចមកកម្សាន្ត ទិញទំនិញ គ្រប់ប្រភេទ ប្រកបដោយស្តង់ដារ គុណភាព អនាម័យ ចំណាយប្រាក់តិច មិនបាច់ធ្វើដំណើរទៅណាឆ្ងាយ។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាន៍ថា បញ្ហាអាជីវករ ផ្សារដ្ឋ និងផ្សារឯកជន យើងបាននិយាយគ្នា ស្រុះស្រួលហើយ ហេតុអីថ្ងៃនេះ លេចចេញរឿងនេះមកវិញ តែទោះយ៉ាងណាយើងនឹងព្យាយាម ស្វែងរកការសម្របសម្រួលគ្នាជាបន្ត ឱ្យអស់លទ្ធភាព។ ឯកឧត្តម បានស្នើដល់អាជីវករទាំងអស់ សូមចាត់ដំណាងមួយផ្នែក ចំនួន៥រូប ក្នុងនោះមានផ្នែក លក់ដូរក្រៅផ្សារ អ្នកលក់ក្នុងផ្សាររដ្ឋ និងផ្សារេកជន ទៅពិភាក្សារគ្នានៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ខាងមុខនេះ ដើម្បីស្វែងដំណោះស្រាយឱ្យបានសមស្រប ដើម្បីទទួលបានភាព ឈ្នះ ឈ្នះ ទាំងអស់គ្នា។ តែទោះបីយ៉ាងណាក្តី សាលារាជធានីភ្នំពេញ បានគិតគូរជាច្រើឆ្នាំមកហើយ ថានឹងត្រូវធ្វើការអភិវឌ្ឍន៍តំបន់នេះឱ្យបានប្រសើឡើង គឺមិនទុកឱ្យផ្សារមួយនេះ ដែលស្ថិតនៅនឹងភ្នែកច្រមុះនៃភ្ញៀវទេសចរណ៍ បន្តនៅបែបនេះតទៅទៀតបានឡើយ ។

គួរបញ្ជាក់ថា សព្វថ្ងៃនេះ អាជីវករ ដែលកំពុងលក់ដូរ នៅផ្សាសេនជូរីផ្លាហ្សា ទាំងផ្សារដ្ឋ ផ្សារឯកជន និងអ្នកលក់តាមចិញ្ចើមផ្លូវ លើទ្រូងផ្លូវ សរុបមាន ១៤៦៩ទីតាំង ក្នុងនោះ ផ្សាររដ្ឋ មានចំនួន ៣៤១តូប ផ្សារឯកជន ចំនួន៣២៩តូប ក្រៅពីនោះ ជាស្តង់លក់ក្រោមឆ័ត្រ និងលក់ចល័ត ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ