ព្រឹតិ្តការណ៍ថ្មីៗ

នោះ! ចោរកាច់កម៉ូតូដែលជាអតីត នគរបាលប៉ុស្តិ៍បឹងទំពន់ម្នាក់ ត្រូវប៉ូលិសខណ្ឌមានជ័យ ប្រហែសឲ្យរត់រួចនៅគ្រា រងចាំដីកាឃុំខ្លួនពីចៅក្រម

1 ខែ មុន 143 តូ សុផល

ភ្នំពេញ៖ ជនត្រូវចោទដែលជាចោរកាច់កម៉ូតូ ត្រូវគេរាយការណ៍ថា បានលួចដោះខ្នោះដៃនិងរត់គេចខ្លួនបាត់ស្រមោលពីបរិវេណសាលាដំបូងរាជធានីភ្នំពេញ ដោយសុវត្ថិភាពកាលពីម៉ោង ៤ និង៥០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ។

ជនត្រូវចោទដែលបានលួចរត់មានឈ្មោះ អឹម រតនៈ  ហៅ អាកណ្ដុរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាអតីតមន្ត្រីនគរបាលរដ្ឋបាលបឹងទំពន់ រស់ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា ជនត្រូវចោទត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅពេលដែលរូបគេធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ។

សូមជម្រាបជូនថា នៅពេលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង ឡុង ជាប បានបើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ អឹម រតនៈ  ហៅ អាកណ្ដុរ ពីបទលួច រួចបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការតាមច្បាប់។

ជនត្រូវចោទ បានលួចដោះខ្នោះដៃ និងរត់គេចខ្លួន នៅគ្រាដែលនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ កំពុងរងដីកាឃុំខ្លួនជនត្រូវចោទ ពីលោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ការត់គេចខ្លួនរបស់ជនសង្ស័យ និងជនត្រូវចោទ នៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ មិនមែនទើបតែកើតឡើងនោះទេ ពោលគឺធ្លាប់កើតមានជាញឹកញយណាស់មកហើយ។

ក្រុមនគរបាលតម្រួបបទបញ្ជាប្រចាំតុលាការក្រុងភ្នំពេញ បានសំណូមពរឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងពង្រឹងវិន័យលើក្រុមនគរបាលខណ្ឌ និងបណ្តាមន្ទីរ នាយកដ្ឋាន ដែលតែងតែនាំក្រុមជនសង្ស័យទៅតុលាការ ភាគច្រើនមិនស្លៀកពាក់ឯកសណ្ឋាន និងពាក់កាតសម្គាល់ខ្លួននោះទេ ដែលជាហេតុនាំឲ្យ នគរបាលយាមតុលាការពិបាកកត់សម្គាល់ថា អ្នកណាជាជនសង្ស័យ និងអ្នកណាជាសមត្ថកិច្ច?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ