ព្រឹតិ្តការណ៍ថ្មីៗ

ចូលលួចម៉ូតូធំ  CRS នៅមុខផ្ទះ មិនបានសម្រេច  អ្នកភូមិព្រួតវាយរហូតបាក់ជើង  ចំណែកបក្ខពួក រត់ចោលអស់ 

2 ខែ មុន 39 tnn_admin

ភ្នំពេញ  ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានប្រជាពលរដ្ឋដេញតាម ឃាត់ខ្លួនបានម្នាក់ និងស្វាគមន៍យ៉ាងចាស់ដៃ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ដែលម្ចាស់គេចតនៅខាងមុខផ្ទះ តែមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្ទះលេខ5Eo ផ្លូវលេខ១៥៤ ខាងក្រោយនិងវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ថា ចាន់សី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ចំណែកឯបក្ខពួកពីរនាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។ ជនរងគ្រោះមានឈ្មោះ រត្ធ ថា ភេទប្រុស អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាល ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។

បើតាមសម្តីពីបុរសជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊ីអរអេះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CF-3521។ ដោយទើបតែចេញមកពីចូលរួមកម្មពិធីជុបឡាង នៅផ្ទះមិត្តភក្តិបំណងត្រឡប់ មកសម្រាកនៅផ្ទះរបស់ខ្លួន ត្រង់ចំណុចកើតហេតុខាងលើ ខាងមុខផ្ទះម្តាយរបស់ជនរងគ្រោះ ក៏បានចាក់សោនិងបង្ហើបទ្វារផ្ទះតូចល្មម ដើម្បីបណ្តើរម៉ូតូចូលទៅក្នុងហើយសម្រាក។

ខណ:ពេលជនរងគ្រោះជាប់រវល់និយាយទូរស័ព្ទ ជាមួយមិត្តភក្តិ រួចក៏បានចតម៉ូតូរបស់ខ្លួនចោល នៅខាងមុខផ្ទះដោយបានទុកសោនៅជាប់នឹងម៉ូតូ ហើយបានដើរចេញទៅនិយាយទូរស័ព្ទប្រមាណ២០ម៉ែត្រពីម៉ូតូ។ មួយស្ទុះក្រោយមកស្រាប់តែមានជនសង្ស័យខាងលើ រួមទាំងបក្ខពួកពីរនាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពលួចបណ្តើរម៉ូតូរបស់ជនរងគ្រោះខាងលើ បម្រុងជិះរត់គេចខ្លួន ប៉ុន្តែក៏ត្រូវបានជនរងគ្រោះ ឃើញទាន់ក៏ស្រែកឆោឡោបង្កឲ្យជនសង្ស័យ ភ័យស្លន់ស្លោ ហើយក៏ផ្តួលម៉ូតូរបស់ជនរងគ្រោះចោល។រួចរត់គេចខ្លួនតែក៏ត្រូវប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ នាំគ្នាចេញមកជួយស្ទាក់ចាប់ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យរងរបួសបាក់ជើងខាងស្តាំ។ ចំណែកឯបក្ខពួកពីរនាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួន យកទៅធ្វើសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ