ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ ការថែរក្សា សុខសន្តិភាព គឺអាស្រ័យលើ កត្តា២សំខាន់ៗ

3 ខែ មុន 44 tnn_admin

ខេត្តកំពត៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា វត្តពោធិ៍រាជលំពូ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃសៅរ៍ ទី១៧ សីហា ២០១៩ បានថ្លែងថា៖ ការថែរក្សាសុខសន្តិភាពគឺអាស្រ័យលើកត្តា២សំខាន់៖

ទី១ គឺកត្តាអ្នកដឹកនាំដែលដឹកនាំប្រទេសដោយគោលការណ៍សាមគ្គីបង្រួបបង្រួមជាតិមិនលាបពណ៌គ្នាឲ្យវាយគ្នា ឈ្លោះគ្នានោះទេ។

ទី២ គឺកត្តាប្រជាពលរដ្ឋ ដែលចូលរួមនៅក្នុងការថែរក្សាសុខសន្តិភាព បើប្រជាពលរដ្ឋមិនចូលរួម ហើយប្រជាពលរដ្ឋចូលតាមការអូសទាញទៅក្នុងសកម្មភាពអ្វីមួយដែលបំផ្លាញសុខសន្តិភាព នោះគឺយើងអាចបាត់បង់ដែរ។ ការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ១៩៧៩ មកជាខ្មែរតែមួយទោះបីជាមានច្រើនភាគទីយ៉ាងណាក៏ដោយ សម្តេចតេជោហ៊ុន សែន មិនគិតថាបក្សណាឬបក្សណានោះទេ គឺយើងរួមគ្នាកសាងប្រទេសឲ្យមានការរីកចម្រើន និងមានសេចក្តីសុខដូចសព្វថ្ងៃនេះ។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន នៅតែមានមហិច្ឆតាក្នុងការធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានភាពសម្បូរសប្បាយ និងចង់ឱ្យជំនាន់កូនចៅប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ។ នេះហើយគឺជាគោលដៅនៃការដឹកនាំរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ សមិទ្ធផលថ្ងៃនេះគឺជាសមិទ្ធផលមួយបន្ថែមទៀតបន្ថែមសមិទ្ធផលដែលយើងបានកសាងជាច្រើនលើគ្រប់វិស័យ។

ភាពសម្បូរសប្បាយរបស់យើងមាននៅក្នុងសុខសន្តិភាពនៅក្នុងបេះដូង នៅក្នុងអារម្មណ៍របស់យើង ជាមូលដ្ឋាននៅក្នុងការកសាងប្រទេសឲ្យមានការរីកចម្រើន ដែលជាមូលដ្ឋានដែលយើងរាប់អានស្រឡាញ់គ្នា គោរពគ្នាមិនរើសអើង។ យើងរួមគ្នាយើងកសាងបានប៉ុណ្ណេះហើយយើងចូលរួមថែរក្សាសេចក្តីសុខ កុំឲ្យវាយគ្នាចែកទឹកដីទៀត កុំឲ្យមានសង្គ្រាមគ្រប់រូបភាពកើតឡើង។ នេះហើយគឺជាគោលគំនិត គោលបំណងតែមួយគត់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ សូមលោកយាយលោកតាប្រជាពលរដ្ឋជឿទុកចិត្តការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដរាបណាប្រជាពលរដ្ឋនៅបន្តគាំទ្រ គាត់នឹងខិតខំថែរក្សាសុខសន្តិភាព បង្រួបបង្រួមជាតិ កសាងប្រទេសឲ្យរីកចម្រើនជាបន្តទៀត។

លោក សង្កត់ធ្ងន់ថា អ្វីដែលជាគោលដៅតទៅមុខទៀតគឺពង្រីកឱកាសការងារ ឱកាសរៀនសូត្រ ឱកាសចិញ្ចឹមជីវភាពដើម្បីឲ្យកាន់តែល្អប្រសើរ។ អ្វីដែលសំខាន់បំផុតគឺសុខសន្តិភាពដែលយើងខិតខំស្វែងរក និងរក្សាឲ្យបានទុកឲ្យកូនចៅជំនាន់ក្រោយកុំឱ្យមានសង្គ្រាមតទៀត។ យើងគ្រប់គ្នាក្នុងទិសដៅតែមួយគឺដើម្បីជួយដល់ប្រជាពលរដ្ឋ យើងរីកចម្រើនតទៅមុខ ថែរក្សាសុខសន្តិភាព កសាងសមិទ្ធផលឲ្យកាន់តែរីកចម្រើន។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ