ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័រ បុកបង្គោលតង់ស្យុង បាក់អស់១ដើម ទីតាំងខ្លះក្នុងខណ្ឌសែនសុខ និង ព្រែកព្នៅ អត់ភ្លើងប្រើ!

1 ខែ មុន 21 tnn_admin

ភ្នំពេញ  ៖  រថយន្តកុងតឺន័រមួយគ្រឿង  ម៉ាកហ៊ីយ៉ានដាយ  ពាក់ស្លាកលេខ ភ្នំពេញ  មានកន្ទុយរថយន្ត  ពាក់ស្លាកលេខព្រះសីហនុ  4A-1396 បានបើកទៅបុកបាក់បង្គោល បណ្តាញតង់ស្យុងមធ្យម (MV) របស់អគ្គិសនីកម្ពុជា  បណ្ដាលឲ្យបាក់រលំអស់ចំនួន១ដើម  ធ្វើឲ្យក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F22) ដើម្បីធ្វើការផ្លាស់ប្តូរបង្គោល សិន  ដូច្នេះទីតាំងមួយចំនួននៅ ក្នុងខណ្ឌសែនសុខ  និងខណ្ឌព្រែកព្នៅ ពុំទាន់មាន ចរន្តអគ្គិសនីប្រើប្រាស់ទេ ។

ប្រភពពីក្រុមការងារ អគ្គិសនីកម្ពុជា  EDC  បានអោយដឹងថា  នៅវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F22)  មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរបង្គោល  បណ្តាញតង់ស្យុងមធ្យម (MV) បណ្តាលមកពីរថយន្តកុងតឺន័របុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖(១)ភូមិសំរោងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២) ភូមិម្លប់ពោធិ៍ ភូមិអណ្តូងថ្មី ភូមិបែកបក ភូមិកប់ស្រូវតូច និងធំ ភូមិត្រពាំងវែង ភូមិស្វាយចេក និងភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រោយពេលកើតហេតុ  ក្រុមការងារបច្ចេកទេសរបស់ អគ្គិសនីកម្ពុជា  EDC កំពុងចុះធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជន  ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែម  អំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ  អគ្គិសនីកម្ពុជា  ក៏បានសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕  (ដោយ ៖ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ