ព្រឹតិ្តការណ៍ថ្មីៗ

អ្នកឃុំចោរ ចេញសេចក្តីថ្លែងការប្រាប់អ្នករត់ការដោះលែងចោរ និងមហាជនឲ្យបានដឹងរឿង

1 ខែ មុន 103 tnn_admin

ភ្នំពេញ៖ ក្រោយពីផ្ទះរឿងរ៉ាវដ៏ចម្រូងចម្រាស អំពីនីតិវិធីរបស់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធសំណុំរឿងលួច គោក្របីអ្នកស្រុកកាលពីអំពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅនោះ ឥឡូវនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងសាលាដំបូងខេត្តកំពង់ធំ បានចេញសេចក្តីថ្លែងការណ៍បំភ្លឺហើយ។

យោងតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ របស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រុមជនត្រូវចោទចំនួន ៣នាក់ រួមមានឈ្មោះ មាស នាង, ឈ្មោះ នុត សុធា និងឈ្មោះ មឿន ផល្លី ត្រូវបានតុលាការសម្រេចឃុំខ្លួន ក្រោយពេលពួកគេចូលខ្លួនបំភ្លឺកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក លាង សួគ៍ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ ទៅតាមនីតិវិធី បន្ទាប់ពីពួកគេមិនព្រមចូលខ្លូនតាមដីកាកោះរបស់តំណាងអយ្យការ។

ខ្លឹមសាររបស់លិខិតដដែលបន្ថែមថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រោយពេលដែលនគរបាលឃាត់ខ្លួនក្រុមជនត្រូវចោទ ស្រាប់តែបែកធ្លាយរឿង ថាក្រុមជនជាប់ចោទ បានជឿជាក់លើលោកមេធាវី គីម សុជាតិ ឲ្យទៅបញ្ចប់រឿងក្តីជាមួយតុលាការរួចហើយ ហេតុអ្វីនៅតែចាប់?

យោងតាមការចុះផ្សាយរបស់ព័ត៌មានក្នុងស្រុកមួយចំនួន ដោយដកស្រង់សម្តី (សុំមិនបញ្ចេញអត្តសញ្ញាណ) របស់មន្ត្រីតុលាការខេត្តកំពង់ធំ បញ្ជាក់ថា ក្រុមជនត្រូវចោទ និងគ្រួសារ បានប្រគល់ប្រាក់ចំនួន ៧០០០ពាន់ដុល្លារ ដែលប្រាក់ ៣០០០ដុល្លារជាសេវាពឹងពាក់មេធាវីឲ្យការពារសិទ្ធិ និងប្រាក់ ៤០០០ដុល្លារទៀត ជាកញ្ចប់យកទៅបញ្ចប់រឿងជាមួយតុលាការ។

ប្រភពបានបង្ហើបឲ្យ អ្នកសារព័ត៌មានដឹងថា លោកមេធាវី គីម សុជាតិ ពិតជាបានព្យាយាម និយាយជាមួយតុលាការដែរ ប៉ុន្តែតុលាការបដិសេធ និងបន្តនីតិវិធីចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទ តាមច្បាប់។

បន្ទាប់មក ក៏ស្រាប់មានព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយវាយប្រហារថា តុលាការខេត្តកំពង់ធំ ចាត់លើសំណុំរឿងនេះដោយអយុត្តិធម៌ចំពោះក្រុមចោរណាស់ និងបានភ្ជាប់ជាមួយឯកសារសម្ងាត់របស់តុលាការ ក្នុងដំណើរការនីតិវិធីស៊ើបសួរផងដែរ។

ជាការឆ្លើយតប អ្នកនាំពាក្យតុលាការខេត្តកំពង់ធំ ចាត់ទុកថា ការចុះផ្សាយរបស់សារព័ត៌មានដែលថាតុលាការចាប់ក្រុមចោរដាក់ពន្ធនាគារជារឿងអយុត្តិធម៌នោះ ជារឿងមិនត្រឹមត្រូវ និងតម្រូវឲ្យសារព័ត៌មាន ទាំងអស់នោះត្រូវតែកែតម្រូវ។

ជាមួយគ្នានេះ អ្នកនាំពាក្យរបស់តុលាការបាន ចាត់ទុកថា លោកមេធាវី គីម សុជាតិ មិនបានគោរពតាមវិជ្ជាជីវៈរបស់ខ្លួននោះទេ ព្រោះលោកបានបញ្ចេញឯកសារដែលសម្ងាត់ក្នុងសំណុំរឿង ឲ្យទៅអ្នកសារព័ត៌មានចុះផ្សាយ ដោយផ្ទុយពីក្រមនីតិវិធីព្រហ្មទណ្ឌ។

ចំពោះករណីនេះ លោកមេធាវី គីម សុជាតិ បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា រឿងលុយ ៧០០០ដុល្លារ និងរឿងបញ្ចេញឯកសារឲ្យអ្នកកាសែត គឺលោកមិនបានដឹងនោះទេ។

លោកមេធាវី គីម សុជាតិ ថា «ខ្ញុំធ្វើតាម វិជ្ជាជីវៈ របស់ខ្ញុំ ចំណែករឿងផ្សេងៗទៀតដែលគេចោទប្រកាន់នោះ វាមិនពិតនោះទេ»។

ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ថា «ប្រសិនបើប្រជាពលរដ្ឋ ជួបរឿងមេធាវីយកលុយមិនបំពេញការងារជូននោះ សូមប្តឹងមក គណៈមេធាវីកម្ពុជា ខ្ញុំនឹងស្រាវជ្រាវ និងដោះស្រាយជូន។ ហើយខ្ញុំសូមសំណូមពរឲ្យ មេធាវីទាំងអស់ គោរពតាមវិជ្ជាជីវៈក្នុងការបំពេញការងាររបស់ខ្លួន»។

គួររម្លឹកថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៨ លោក ហ៊ន សុផល ភេទប្រុស អាយុ ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឆេង សុខន អាយុ ៤២ឆ្នាំ រស់នៅភូមិគោកងួន ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវចោរលួចក្របីចំនួន ៣ក្បាល។

បន្ទាប់ពីពួកគាត់ ប្តឹងទៅសមត្ថកិច្ច ឲ្យស្រាវជ្រាវ រហូតឃើញថា ក្របីពួកគាត់ត្រូវក្រុមចោរ ដឹកចូលទៅក្នុងផ្ទះ ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះមឿន ផល្លី អាយុ ៣៨ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បន្ទាប់ពីស្រាវជ្រាវ និងកំណត់មុខសញ្ញារួចរាល់ នគរបាលជំនាញ បានកសាងសំណុំរឿង ដោយសន្និដ្ឋានចោទប្រកាន់ ពីបទ លួច លើឈ្មោះ មាស នាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ, ទី២ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោក្របី និងកាប់គោក្របី រស់នៅភូមិឃុំជាមួយគ្នា ទៅឲ្យតុលាការចាត់ការតាមច្បាប់។

យោងតាមមាត្រា ២៧ និងមាត្រា ៥១៨ នៃក្រមព្រហ្មទណ្ឌ បទល្មើស ប៉ុនប៉ងសូកប៉ាន់ចៅក្រម ត្រូវប្រឈមមុខការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៥ឆ្នាំ ទៅ១០ឆ្នាំ។

កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញធ្លាប់ បានផ្តន្ទាទោសលោកមេធាវី ពេជ រតនា ដាក់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីពីបទ ប៉ុនប៉ងសូកប៉ាន់ចៅក្រម៕ ដោយ៖ ពូម៉ូតូឌុប

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ