ព្រឹតិ្តការណ៍ថ្មីៗ

ថវិកាជាង ៩៥០០០ដុល្លារ ត្រូវបានត្រៀមបរិច្ចាគចូលក្នុងមូលនិធិគន្ធបុប្ផាដែលប្រមូលបានពីចលនាជិះកង់ដើម្បីមនុស្សធម៌និងសុខភាព

9 ខែ មុន 27 tnn_admin

ខេត្តសៀមរាប៖ តាមរយៈនៃចលនាជិះកង់ដើម្បីមនុស្សធម៌និងសុខភាព ថវិកាជាង ៩ម៉ឺន៥ពាន់ដុល្លារត្រូវបានត្រៀមបរិច្ចាគចូលក្នុងមូលនិធិគន្ធបុប្ផា ដោយមានអ្នកចូលរួមប្រមាណជាង១០០នាក់ ចូលរួមក្នុងចលនាជិះកង់ដើម្បីមនុស្សធម៌និងសុខភាព ។ មជ្ឈដ្ឋានទូទៅនៅក្នុងក្រុងសៀមរាប-អង្គរ គេសង្កេតឃើញមានកម្មវិធីបែបនេះជាញឹកញាប់ក្នុងមួយឆ្នាំៗ ចលនាសកម្ម ភាពជិះកង់ ដើម្បីមនុស្សធម៌និងសុខភាពនៅក្រុងសៀមរាបលើកនេះ គឺផ្តួចផ្តើម រៀបចំឡើងដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ។ បើយោងតាមការឲ្យដឹងរបស់ក្រុមការងាររៀបចំកម្មវិធី បានឲ្យដឹងថា គម្រោងនៃការរៀបចំកម្មវិធីនេះ មានរយៈពេលខ្លីបំផុត ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញបំពេញការងារនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។

កម្មវិធីជិះកង់ ដើម្បីមនុស្សធម៌និងសុខភាព ដែលផ្តួចផ្តើមរៀបចំឡើងដោយ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សហការគាំទ្រដោយអាជ្ញាធរខេត្តនិងអាជ្ញាធរជាតិអប្សរា ហើយអ្នកស្ម័គ្រចិត្តចូលរួមជិះកង់ដើម្បីចលនានេះ មានមន្រ្តីក្រោមចំណុះក្រសួងសាធារណៈការ មន្រ្តី-បុគ្គលិកមកពីបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ស្ថាប័នសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្វីបន្ថែមពីលើនេះដែលគួរឲ្យកត់សម្គាល់នោះ គឺ ក្រុមចលនាយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

ចម្ងាយផ្លូវនៃការជិះកង់នេះ មានប្រមាណជាជិត៣០គីឡូម៉ែត្រ ក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលបានចេញដំណើរចេញពីមជ្ឈមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ឆ្ពោះទៅកាន់អង្គរធំ (ទៅតាមផ្លូវវង់តូច ) ឆ្លងកាត់ដងផ្លូវ និងទេសភាពដ៏ស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ រួមទាំងបានឃើញប្រាង្គប្រាសាទជាច្រើនកន្លែងផងដែរ ។ បើតាមការចាប់អារម្មណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តមបានបញ្ជាក់ថា សុខភាពជាកត្តាចំបង វាជាចំណុចចាប់ ផ្តើម នៃការឆ្ពោះទៅរកគ្រប់សកម្មភាពការងារទាំងអស់ ម៉្យាងទៀតការជិះកង់នេះ វាជាប្រភេទកីឡាម្យ៉ាង ក្នុងប្រភេទកីឡាជាច្រើនទៀត ដែលវាបាននាំមកនូវលទ្ធផលវិជ្ជមាននៃសុខភាព ហើយការជិះកង់ក្នុងតំបន់អង្គរ វានឹងកើតមានបន្ថែមទៀតនូវសុខភាពផ្លូវចិត្ត ( ជ្រះថ្លានិងរីករាយ ) ។

ឯកឧត្តម ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីមនុស្សធម៌នៃចលនាជិះកង់លើកនេះ គឺសំដៅឆ្ពោះទៅរកការអំពាវនាវចូលរួមទទួលយកការបរិច្ចាគដោយស្ម័គ្រចិត្ត ក្នុងបុព្វហេតុនៃជួយសង្គ្រោះជីវិតនិងសង្គ្រោះសុខភាពកុមារកម្ពុជា តាមរយៈនៃមូលនិធិគន្ធបុប្ផា ។

ឯកឧត្តម ស៊ុន ចាន់ថុល ជាមួយនឹងការសម្តែងនូវអំណរគុណចំពោះអ្នកចូលរួម ឯកឧត្តមក៏បានប្រកាសឲ្យដឹងដែរថា កម្មវិធីជិះកង់នេះ ប្រមូលបានថវិកា សរុបចំនួន ជាង ៩ម៉ឺន៥ពាន់ដុល្លា ដែលនឹងត្រូវបាននាំយកទៅបរិច្ចាគជូនដល់មូនិធិគន្ធបុប្ផា ។ ឯកឧត្តមបានឲ្យដឹងដែថា យ៉ាងណាក៏ដោយ ក៏សូមអរគុណចំពោះមន្រ្តី-បុគ្គលិក មន្ទីរសាធារណការនិងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត បើទោះជាមិនបានចូលរួមផ្ទាល់ក្នុងកម្មវិធីនេះ តែក៏បានផ្ញើទឹកចិត្ត តាមរយៈនៃការចូលរួមថវិកាផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ