ព្រឹតិ្តការណ៍ថ្មីៗ

អគ្គមេបញ្ជាការរងកង នៃយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ៖ យើងគ្រប់គ្រងបាននូវ ស្ថិរភាពជាតិ គឺជា មោទនភាព ជាតិរបស់យើង

1 ខែ មុន 16 tnn_admin

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងនៃយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយសិក្ខាកាមយោធាកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា យើងគ្រប់គ្រងបាននូវ ស្ថិរភាពជាតិ គឺជាមោទនភាពជាតិរបស់យើង កងទ័ពរបស់យើង ប្រទេសយើងមានមុខមានមាត់ ជាប្រទេសមួយទប់ទល់នឹងការឈ្លានពានបាន រក្សាស្ថិរភាពបាន ប្រទេសយើងចេញទៅក្រៅមោទនភាពនៅលើឆាកអន្តរជាតិ ដែលកិច្ចការទាំងអស់ នាយទាហានជំនាន់ក្រោយត្រូវចូលរួមចំណែកបន្តវេនការពារជាតិ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។

លោក ឧត្តមសេនីយ៍ឯក បន្តថា ការបណ្ដុះបណ្ដាល នាយទាហានគឺសំខាន់ណាស់ព្រោះ នាយទាហានគឺជាឆ្អឹងខ្នងនៃកងទ័ព ដែលមានកម្រិតយុទ្ធសាស្ត្រ យុទ្ធនាការ និងយុទ្ធវិធី។ ជាមួយនេះសូមកោតសរសើរដល់ការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់រហូតទទួលបានសញ្ញាប័ត្រក្រហមដែលពិបាកនឹងកម្រទទួលបានណាស់ និងទទួលស្នាដៃជាច្រើនទៀតដែលបានទទួលនូវការកោតសរសើរពីសាលា និងថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី។

ក្រសួងការពារជាតិ នឹងផ្ដល់លិខិតសរសើរចំពោះនិស្សិតឆ្នើមដែលមានស្នាដៃ និងលទ្ធផលល្អដើម្បីជាការលើកទឹកចិត្តសិក្ខាកាមយោធាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី ក៏ដូចជាប្រទេសដទៃទៀត។ នេះគឺជាការលើកទឹកចិត្តសំខាន់ណាស់សម្រាប់នាយទាហានជំនាន់ក្រោយ ព្រោះអនាគតរបស់យើងត្រូវចូលរួមចំណែកទទួលខុសត្រូវនៅក្នុងការពង្រឹងកងទ័ព ដើម្បីការពារសន្តិភាព ស្ថិរភាព បូរណភាពទឹកដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយ។ ព្រោះផលប្រយោជន៍នៃការការពារជាតិមិនមែនសម្រាប់តែអ្នកដែលពាក់ឯកសណ្ឋានកងទ័ពនោះទេ ប៉ុន្តែគឺផលប្រយោជន៍សម្រាប់ទាំងអស់គ្នា។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរ ចំពោះភាពជោគជ័យរបស់សិក្ខាកាមដែលបានបញ្ចប់ការសិក្សា និងដែលកំពុងសិក្សានៅសហព័ន្ធរុស្សី និងសូមអរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីដែលបានផ្ដល់ការគាំទ្រនិងប្រគល់ឱកាសឲ្យនិស្សិតកម្ពុជាបានទៅសិក្សាជំនាញកងទ័ពតាំងពីអតីតកាលរស់នៅបច្ចុប្បន្ន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ