ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសាកលវិទ្យាល័យ Soon Chun Hyang ចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋខ្មែរ

2 ខែ មុន 18 tnn_admin

ភ្នំពេញ៖ អនុស្សារណៈយោគយល់គ្នា(MOU)រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដើម្បីបន្តការងារមនុស្សធម៌ដើម្បីប្រជាពលរដ្ឋខ្មែរ ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA និងលោកសាស្ត្រាចារ្យ Run Jin Shin សាកលវិទ្យាធិការសាកលវិទ្យាល័យពេទ្យ Soon Chun Hyang នៅសណ្ឋាគារភ្នំពេញថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថាអនុស្សារណៈយោគយល់គ្នា(MOU) រវាងស្ថាប័នទាំងពីរនៅពេលនេះ គឺបន្តទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់យើង ដែលកន្លងមកយើងបានចុះMOUជាមួយគ្នាបាន២លើកនៅកន្លែងផ្សេងគ្នា ពេលវេលាខុសគ្នា ប៉ុន្តែយើងរួមគ្នាដើម្បីសម្រេចគោលដៅរួមគឺដើម្បីជួយប្រជាពលរដ្ឋខ្មែរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA ក៏បានថ្លែងអំណរគុណសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ដែលជាដៃគូដ៏ល្អរបស់TYDA ដែលកន្លងមក និងបច្ចុប្បន្នបានជួយព្យាបាលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងបានបញ្ជូនទៅព្យាបាលនៅប្រទេសកូរ៉េបានទទួលជោគជ័យព្រមទាំងបានជួយបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពក្រុមការងារសមាគមដើម្បីជួយព្យាបាលប្រជាពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត សង្ឃឹមថាកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរនៅតែបន្តទៀតដើម្បីការរីកចម្រើនរួមគ្នាជួយព្យាបាលប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យ Run Jin Shin បានថ្លែងអំណរគុណលោកហ៊ុន ម៉ាណែត ដែលបានផ្ដល់ឱកាសឲ្យសាកលវិទ្យាល័យពេទ្យ Soon Chun Hyang ចូលរួមបេសកកម្មមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)។ លោកពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម និងបន្តទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យពេទ្យ Soon Chun Hyang បានចូលរួមសកម្មភាពជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយផ្ដោតលើសកម្មភាពចំនួន៣សំខាន់ៗក្នុងនោះចូលរួមបេសកកម្មមនុស្សធម៌ ចុះព្យាបាលប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ កិច្ចសហប្រតិបត្តិការនៅក្នុងការព្យាបាលករណីធ្ងន់ធ្ងរយកទៅព្យាបាលនៅក្នុងប្រទេសកូរ៉េ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្រុមការងារសមាគម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ