ព្រឹតិ្តការណ៍ថ្មីៗ

ប្រធានមន្ទីរ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបបានប្រកាសហើយ! សង្ឃឹមថា ហេដ្ឋារចនា និងបានល្អប្រសើរឡើងវិញ!

3 ខែ មុន 75 តូ សុផល

ខេត្តសៀមរាប: នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន សរុបទាំងអស់ប្រមាណ៣០០នាក់។

ការផ្លាស់ប្ដូរ ឬផ្ទេរភារកិច្ចនេះធ្វើឡើងដើម្បីជំនួសប្រធានមន្ទីរចាស់ ដែលលោកនឹងត្រូវទទួលតួនាទី និងភារកិច្ចថ្មីនៅទីស្ដីការក្រសួង ក៏ដូចជាបណ្ដុះគំនិតផ្ដួចផ្ដើម និងសាបព្រោះពហុជំនាញដល់មន្ត្រី បង្កើតវប្បធម៌ចែករំលែកបទពិសោធន៍រវាងមន្ត្រី និងមន្ត្រី ពីអង្គភាពផ្សេងៗ សំដៅពង្រីកចំណេះដឹង និងចំណេះធ្វើ ឱ្យសម្បូរបែប ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ ដើម្បីបម្រើជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីអំពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក ស្ពាន និងកំពង់ផែ ព្រមទាំងគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវនៅទូទាំងប្រទេសផងដែរ ជាពិសេសផ្លូវនៅក្នុងទីរួមខេត្តសៀមរាបនេះតែម្ដង ព្រោះថាវិស័យសាធារណការជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងនិរន្តរភាព។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងពោរពេញទៅដោយការអភិវឌ្ឍ។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបន្តថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យសាធារណការ វិស័យដឹកជញ្ជូនក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ ដោយរិះរកគ្រប់មធ្យោបាយ និងនីតិវិធីដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព។

ឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានប្រើយន្តការប្រព័ន្ធព័ត៌មានវិទ្យា ដូចជា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប្រព័ន្ធស្វ័យប្រវត្តិកម្មប្រឡងយកបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ ដើម្បីបង្ខិតសេវាសាធារណៈឱ្យទៅជិតប្រជាពលរដ្ឋ ដូចជា ឆៀកចល័ត និងការបើកមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរនៅតាមផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ជាដើម។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឱ្យមានការរីកចម្រើន ហើយឯកឧត្ដមទេសរដ្ឋមន្ត្រីសង្ឃឹមថា បទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៅពេលដែលលោក នឹងត្រូវទៅបំពេញភារកិច្ចថ្មីនៅទីស្ដីការក្រសួង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ លោក គី វិរិន្ទ ដែលជាប្រធានមន្ទីរថ្មីអោយខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀតស្របតាម ការរីកចម្រើនយ៉ាងគំហុករបស់ខេត្តមួយនេះ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីបានបន្តថា មន្ត្រីគឺជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរាស្ត្រទេ ហើយមិនត្រូវមានជម្ងឺតួឯកឡើយ ពោលគឺត្រូវសហការគ្នាយ៉ាងស្អិតរមួតជាមួយភាគីពាក់ព័ន្ធនៅជុំវិញខេត្ត ដើម្បីអនុវត្តផែនការគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនឱ្យសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្រ្តី ផ្ដល់អនុសាសន៍ឱ្យប្រធានមន្ទីរត្រូវពិភាក្សាគ្នាជាមួយមន្ត្រីក្រោមឱវាទ អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដើម្បីរៀបចំគម្រោង១០០ថ្ងៃ ព្រោះថាប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នចង់ឃើញ ថាតើប្រធានមន្ទីរថ្មីនឹងមានស្នាដៃយ៉ាងដូចម្ដេចក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តសៀមរាបនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ