ព្រឹតិ្តការណ៍ថ្មីៗ

របួស១៣នាក់! ទើបប្រកាសថា គ្មានច្បាប់ ស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ (LPG) ក្នុងក្រុងសៀមរាប ផ្ទុះឆេះម្សិលម៉ិញ 

1 ខែ មុន 51 tnn_admin

ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីឧបទ្ទវហេតុនៃការផ្ទុះស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ (LPG) នៅខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ មានហេតុការណ៍ផ្ទុះស្ថានីយបញ្ចូលឧស្ម័នឥន្ធន.មួយដ៏រន្ធត់បានកើតឡើងតាមបណ្តោយផ្លូវលោកតានើយខេត្តសៀមរាប ដែលបានបង្កឱ្យមានគ្រោះថ្នាក់និងរបួសដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រសួងរ៉ែនិងថាមពល បានពិនិត្យឃើញថា ស្ថានីយនេះ គឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងនិងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ក្នុងការសាងសង់ និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ ហើយបច្ចុប្បន្នក្រសួង បាននឹងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត ។

ក្រសួងរ៉ែនិងថាមពល ក៏សូមណែនាំដល់សាធារណជន មេត្តាជ្រាបថា ការប្រកបអាជីវកម្មបើកដំណើរការស្ថានីយ៍ប្រេង ជាពិសេសឧស្ម័នឥន្ធនៈ (LPG) ត្រូវតែមានវិជ្ជាជីវៈ បច្ចេកទេសសុវត្ថិភាពឱ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយតម្រូវឱ្យមានច្បាប់អនុញ្ញាតពីក្រសួងជំនាញ និងស្ថាប័នពាក់ព័ន្ធ ជៀសវាងការបង្កឱ្យមានហានិភ័យគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃបែបនេះ ។

គួររំលឹកថា កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយសារផ្ទុះធុងហ្គាសហើយឆេះ នៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង ជារបស់ឈ្មោះ ឈុក ឈុនលី ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅបច្ចុប្បន្ន នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឲ្យមនុស្សរងរបួសចំនួន១៣នាក់ មានស្រីចំនួន០៣នាក់ និង ជន ជាតិបរទេសចំនួន០២នាក់ ហើយក្នុងចំណោមអ្នករបួសទាំងអស់ មានអ្នករបួសធ្ងន់ចំនួន០៦នាក់ ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះដែរ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា ក្នុងនាមប្រធានប្រតិភូអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូជាមន្ត្រីរាជការនៃរដ្ឋបាលខេត្ត និង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធ៌ម ជូនដល់អ្នកជំងឺ ដែលជាជនរងគ្រោះក្នុងព្រឹត្តិហេតុអគ្គិភ័យផ្ទុះស្ថានីយលក់ហ្គាសមួយកន្លែង កាលពីម្សិលមិញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យឯកជនក្នុងក្រុងសៀមរាប ដែលខណៈពេលនោះ ឯកឧត្តម ទៀ សីហា បានសម្ដែងនូវការសោកស្តាយជាខ្លាំងណាស់ចំពោះព្រឹត្តិហេតុគួរខ្លាចនេះ ដែលវាកើតចេញពីការធ្វេសប្រហែស មិនមានការគ្រប់គ្រងបច្ចេកទេសឲ្យបានល្អ ដូចអ្វីដែលសមត្ថកិច្ចជំនាញបានដាក់ចេញនូវវិធានការអនុវត្តចំពោះមុខរបរដែលមានហានីភ័យខ្ពស់ ដូចជាស្ថានីយប្រេងឥន្ទនៈ និងស្ថានីយលក់ហ្គាសនេះជាដើម ព្រោះថាសម្រាប់មុខរបរដែលមានហានីភ័យខ្ពស់នេះ វាមិនត្រឹមតែបង្កវិនាសកម្មបំផ្លាញខ្លួនឯងប៉ុណ្ណោះទេ នៅពេលដែលខ្វះការប្រុងប្រយ័ត្ន តែវាបានបង្កឲ្យមានគ្រោះថ្នាក់សម្រាប់អ្នកដទៃផងដែរ ៕

ពលរដ្ឋរិះគន់ អាជ្ញាធរពាក់ក្នុងខេត្តសៀមរាបថា មិនបានត្រួតពិនិត្យ ទុកទាន់តែមានគ្រោះថ្នាក់កើតឡើង ទើបធ្លាយរឿងស្ថានីយ៍អត់ច្បាប់ ចុះបើមិនមានករណីនេះ  កើតឡើងទេ ទំនងជាបន្តអត់ច្បាប់រហូតតែម្តង។ នេះ ជាកំសោយ ក្នុងការដឹកនាំរបស់អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ គួរតែពង្រឹកឡើងវិញ ដើម្បីធានាបាននូវសេចក្តីសុខជូនរាស្ត្រ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ