ព្រឹតិ្តការណ៍ថ្មីៗ

បង្កើតគណនី ហ្វេសប៊ុក បន្លំជា មេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ បោកប្រាស់អ្នកដទៃ ត្រូវនគរបាល ចាប់បញ្ជូនទៅតុលាការ

1 ខែ មុន 25 tnn_admin

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះនួន វ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ទៅតុលាការ ក្រោយបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដើម្បីទៅបោកប្រាស់អ្នកដទៃ ។

ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយអគ្គស្នងការរង និងសម្របសម្រួលដោយព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ជនសង្ស័យ ឈ្មោះនួន វ៉ា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនត្រង់ចំណុចផ្លូវឌួងងៀប៣ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ រូបនេះ បានធ្វើសកម្មភាព ដោយបានយករូបថត និងឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងលោកមេធាវី ប៊ុន ហ៊ួន ដែលជាមេធាវី ស្ម័គ្រចិត្ត សម្តេចតេជោ ទៅបង្កើតគណនីហ្វេសប៊ុកក្លែង (Fake Account) ដើម្បីធ្វើការឆបោក និងជំរិតទារប្រាក់ ។ ក្រោយពីការឃាត់ខ្លួននិងសាកសួរបំភ្លឺ ជនសង្ស័យបានសារភាពនូវកំហុសដែលខ្លួនបានប្រព្រឹត្តនាពេលកន្លងមក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាពិសេសបណ្តាញសង្គមហ្វេសប៊ុក ឲ្យមានការប្រុងប្រយ័ត្នក្នុងការទំនាក់ទំនង សន្ទនាជាមួយអ្នកដទៃ ឬមិត្តភក្តិ មុននឹងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ទៅនរណាម្នាក់ត្រូវពិនិត្យពិចារណាអោយបានច្បាស់លាស់ ចៀសវាងការចាញ់ បោក ការលួងលោម មនោសញ្ចេតនា នាំអោយបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ