ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តកំពង់ចាម ចុះសិក្សាលើផលប៉ះពាល់បរិស្ថាន របស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ នៅចំណុចភូមិក្រដាស «ក» និងភូមិ «ខ» ស្រុកបាធាយ 

3 ខែ មុន 25 tnn_admin

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមរួមដំណើរជាមួយ ឯកឧត្តម ចាយ សមិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងមន្ទីរ អង្គភាព មន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសិក្សាលើផលប៉ះពាល់បរិស្ថាន របស់ក្រុមហ៊ុនវិនិយោគថ្មភ្នំ ឈ្មោះ សុខ សុខា នៅចំណុចភូមិក្រដាស «ក» និងភូមិ «ខ» នៃឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ក្នុងការចុះដោះស្រាយបណ្ដឹង របស់ប្រជាពលរដ្ឋ ចំពោះ ករណីក្រុមហ៊ុន សុខ សុខា ធ្វើការឈូឆាយយកថ្មភ្នំ នៅចំណុចភ្នំគូ ស្ថិតនៅភូមិក្រដាស «ក» និងភូមិក្រដាស «ខ» ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសម្រេចឲ្យក្រុមហ៊ុននេះ បញ្ឈប់សកម្មភាព ឈូសឆាយយថ្មភ្នំ បន្តទៀត និងថែមទាំងតម្រូវឲ្យក្រុមហ៊ុន ចល័តគ្រឿងចក្រ ចេញពីតំបន់នេះ ទៀតផង ។ ពាក្យបណ្ដឹង ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន សុខ សុខា របស់លោកឧកញ៉ា សុខ សុខា បានកកាយរំលាយកូនភ្នំអស់ ចំនួន ១ នឹងកំពុងព័ទ្ធយកភ្នំផ្សេងៗ ដែលនៅក្បែរនោះ ។

ប្រជាពលរដ្ឋ លើកក្ដីបារម្ភ ដោយមិនចង់ឲ្យក្រុមហ៊ុនខាងលើ ធ្វើការអភិវឌ្ឍតំបន់ភ្នំទាំងនោះឡើយ ក៏ព្រោះតែកន្លងមក ពួកគាត់តែងប្រើប្រាស់តំបន់នេះ សម្រាប់ដាំដើមឬស្សី និងជាទីទួលសុវត្ថិភាព សម្រាប់ដាក់សត្វពាហនៈ នារដូវទឹកឡើងធំម្ដងៗ នោះ ។ ម្យ៉ាងទៀត វាជាតំបន់ប្រវត្តិសាស្ត្រធម្មជាតិ ផងដែរ ។

នាឱកាសនោះ ឯកឧត្តម ចាយ សមិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចុះសិក្សានាពេលនេះ ដើម្បី ប្រមូលព័ត៌មានទាំងឡាយ ហើយរៀបចំនូវរបាយការណ៍ ដាក់ជូនថ្នាក់លើ ពិនិត្យសម្រេច ។ ទោះយ៉ាងណា ឯកឧត្ដមអនុរដ្ឋលេខាធិការ មិនបានបញ្ជាក់ឲ្យបានលម្អិត ដល់អ្នកព័ត៌មានយើង ទៅលើបច្ចេកទេស នៃលទ្ធផល ក្នុងការចុះសិក្សាករណីខាងលើ នោះឡើយ តែថា យើងនឹងមានកិច្ចប្រជុំ ជាមួយនឹងក្រសួងពាក់ព័ន្ធ ជាបន្តបន្ទាប់ទៀត បន្ទាប់ពីការចុះពិនិត្យនេះទៅ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានលើកសំណូមពរ ទៅដល់ក្រសួងពាក់ព័ន្ធ សូមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ចូលរួមដោះស្រាយបញ្ហានេះ ដោយយកចិត្តទុកដាក់ និងឲ្យបានហ្មត់ចត់បំផុត ពីព្រោះថា វាជាក្ដីកង្វល់របស់ប្រជាពលរដ្ឋយើង ហើយយើងជាអាជ្ញាធរ ក៏ដូចជា ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវតែរួមគ្នាដោះ ឲ្យខាងតែបាន ។

ជាមួយនោះ ឯកឧត្ដមអភិបាលខេត្ត ក៏សូមឲ្យអាជ្ញាធរឃុំ ធ្វើបច្ចុប្បន្នភាព អ្នកដែលអាស្រ័យ ផល ពិតប្រាកដ នៅលើភ្នំនេះ ឡើងវិញ ទោះបីជាយើងមានតួលេខ ពីមុនមកយ៉ាងណាក៏ដោយ ពីព្រោះថា តាមការប៉ាន់ប្រមាណ នាបច្ចុប្បន្ន មានប្រជាពលរដ្ឋប្រមាណជា ២០០គ្រួសារ ដែលបាននឹងកំពុងដាំដើមឬស្សី នៅក្នុងតំបន់នោះ ។ ដោយឡែក ក្រុមហ៊ុនវិនិយោគវិញ សូមរក្សាបញ្ឈប់សកម្មភាពរបស់ខ្លួននៅដដែល ដោយរង់ចាំលទ្ធផល នៃការវាយតម្លៃ ចំពោះ ការដោះស្រាយ លើផលប៉ះពាល់បរិស្ថាន រវាងក្រសួងជំនាញ ជាមួយនឹងប្រជាពលរដ្ឋ បានបញ្ចប់សព្វគ្រប់នោះ ។

គួររំលឹកដែរថា នៅក្នុងតំបន់ភូមិសាស្ត្រ ភូមិក្រដាស់ «ក» និង ភូមិក្រដាស«ខ» នៃឃុំតាំងក្រសាំង មានភ្នំតូច និងធំ សរុបចំនួន ៨ ។ តំបន់នេះ ជាដីវាលទំនាប ប្រជាពលរដ្ឋមួយចំនួន តែងបានប្រើប្រាស់ភ្នំខាងលើនេះ អាស្រ័យផល ដាំជាដើមឬស្សី និងជាទីទួលសុវត្ថិភាព សម្រាប់ដាក់សត្វពាហៈ នារដូវទឹកជំនន់ឡើងធំ ផងដែរ ។ លុះក្រោយមក ក្រុមហ៊ុន សុខ សុខា បានសុំធ្វើការវិនិយោគភ្នំមួយចំនួន ដើម្បី ធ្វើអាជីវកម្មយកថ្ម ។ ទោះយ៉ាងណា មកដល់ពេលនេះ ក្រសួងមិនទាន់ផ្ដល់អាជ្ញាប័ណ្ឌ ជូនក្រុមហ៊ុន មួយនេះនៅឡើយទេ ។ នេះបើតាមប្រភពអះអាង ពីលោកប្រធានមន្ទីររ៉ែ និងឋាមពល ខេត្តកំពង់ចាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ