ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ពោធបើកឱ្យប្រើប្រាស់​ ជាផ្លូវការ​ ស្ពានច្រាំងចោតស្ថិតនៅស្រុកបាណន់ និងស្ពានចំនួន៤ទៀត ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

1 ខែ មុន 50 តូ សុផល

ខេត្តបាត់ដំបង: នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ អមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

ស្ពានច្រំាងចោត មានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុក បាណន់ ត្រូវបានអនុវត្តការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃក្រសួង ការពារជាតិ និងត្រូវបានត្រួតពិនិត្យការសាងសង់ដោយនាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដោយចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិកា រាជរដ្ឋាភិបាលសរុប ប្រមាណជា ៤ ៩៧១ លានរៀល។

ចំណែកស្ពានចំនួន៤ផ្សេងទៀតរួមមាន៖ ស្ពានប្រវែង ៤៥ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវិល ស្ពានប្រវែង៧២ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ស្ពានប្រវែង៥៤ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង និងស្ពាន ប្រវែង១០២ ម៉ែត្រ ទទឹង០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ក៏ត្រូវបានអនុវត្ត ការសាងសង់ដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ និងត្រួតពិនិត្យការសាង សង់ដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោម គម្រោងថវិការាជរដ្ឋាភិបាលផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពី សមិទ្ធផលនានាដែលប្រសូត្រចេញការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី​ នៃព្រះរាជាណាចក្រកម្ពុជា ពិសេសការអនុវត្តដោយជោគជ័យនូវនយោបាយ ឈ្នះ-ឈ្នះ គិតត្រឹមឆ្នាំ២០១៨ កន្លងទៅនេះ រួមមាន៖ ការងារស្តារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្ត បានប្រវែងចំនួន ១៦ ២៩២ គ.ម បាន ក្រាលកៅស៊ូ និងបេតុង ប្រវែង ៨ ៦២០គ.ម ស្មើនឹង ៥៣% ក្នុងនោះផ្លូវជាតិកម្រិត១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត២លេខ បាន៧២,៣០% និងផ្លូវខេត្តបាន ៣០,៤០%។

ដោយឡែក ផ្លូវជាតិដែលត្រូវពង្រីកជា៤គន្លង បានបញ្ចប់មានប្រវែង១៥៧គ.ម កំពុងសាងសង់ពង្រីក បន្ថែមមានប្រវែងសរុប ៤៣១ គ.ម ស្ពានធំៗ ដែលបានសាងសង់រួចមានចំនួន ១៧ ស្ពាន ប្រវែងសរុប ១៦ ០៦៧ ម៉ែត្រ និងស្ពានកំពុងសាងសង់ ចំនួន១ ប្រវែង ១ ១៣១ ម៉ែត្រ។

ស្ពានទាំងអស់នេះ គឺជាចំណងដៃដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល ដែលឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវ ការនៃការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកទាំង០៥ របស់ខេត្តបាត់ ដំបង និងជាយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅសងខាងដងស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត នឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម បានសាទរចំពោះលទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យ សាធារណការ និងដឹក ជញ្ជូន និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និង ថ្នាក់ដឹកនាំក្រសួង កង វិស្វកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសាង សង់ស្ពានទាំងនេះឱ្យសម្រេចបានជោគជ័យ និងបានបន្ថែមថា៖ សមិទ្ធផលនេះជាកាដូពិសេសសម្រាប់ សម្រាលការលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបាន​ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង សា្ថប័នពាក់ព័ន្ធ និងអាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែងសហការឱ្យដំណើរការសាងសង់ស្ពានទាំងនេះប្រព្រឹត្តទៅ ដោយរលូន និងបានបញ្ចប់តាមពេលវេលាកំណត់។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានទាំងនេះ ដោយស្មារតីជាម្ចាស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុតដើម្បីជៀសឱ្យផុតពីគ្រោះថ្នាក់ ចរាចរណ៍ និងត្រូវចងចាំជានិច្ចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី “ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ