ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋមកពី ២២ក្រុម ក្នុងខេត្តព្រះសីហនុ

1 សប្តាហ៍ មុន 29 tnn_admin

ខេត្តព្រះសីហនុ៖  ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សាដោះស្រាយកង្វល់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមកពី ២២ ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថៃ្ងអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។

ក្នុងកិច្ចពិភាក្សា កង្វល់របស់ប្រជាពល រដ្ឋ ដែលបានមកចូលរួមមាន ២២ក្រុម មកពី ២ក្រុង និង ៣ស្រុក នៃខេត្តព្រះ សីហនុ ពួកគាត់បានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញបណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់ វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត ។ ដោយឡែកខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រ ការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាម ជាដើមធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ។ ល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង ២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះមួយកញ្ចប់តែ ម្តង មិនអាចធ្វើបានទេ ។ ចំពោះរឿងដែលចូលដល់ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី ។ ទន្ទឹមនោះអភិបាលខេត្តព្រះសីហនុ សុំការយោគយល់ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះរដ្ឋបាលខេត្តត្រូវជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់ ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាត្តឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ។ មន្ត្រីរបស់យើងជាអ្នកបំរើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាចំបងក្នុងខេត្ត ព្រះសីហនុ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!